(ព្រៃវែង)៖ លោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រៃវែង បានថែ្លងថា ការហូរចូល នៃសិល្បៈវប្បធម៌បរទេសទាំងវិជ្ជមាន និងអវិជ្ជមានមកក្នុងប្រទេសយើងឡើយ ដែលប្រការនេះតម្រូវឲ្យប្រជាជនយើងគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់ ក្នុងការរួមចំណែកការពារវប្បធម៌ ដោយឈរលើមូលដ្ឋាន នៃការអភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍លើមូលដ្ឋានអភិរក្ស។

ការលើកឡើងរបស់លោក អ៊ុក សេរីវុធ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រៃវែង។

លោក អ៊ុក សេរីវុធ បានបន្តថា យើងទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោកកំពុងអនុវត្តនយោបាយ សកលភាវូបនីយកម្ម ស្របគ្នានេះដែរ ប្រទេសក្នុងសហគមន៍អាស៊ាន ក៏កំពុងធ្វើសមារហណកម្មលើគ្រប់វិស័យ និងដោយឡែកលើវិស័យសិល្បៈវប្បធម៌ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរៀងៗខ្លួន។

ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបង្កើតទិវាវប្បធម៌ជាតិ ៣មីនានេះឡើង ចំនួន២៤លើករួចមកហើយ។ ឆ្នាំនេះទៀតសោទ គឺជាឆ្នាំលើកទី២៥ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា ដើម្បីជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ សង្គមស៊ីវិល ប្រជាពលរដ្ឋរួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាស្នាដៃសិល្បៈ កើតចេញពីកម្លាំងពលកម្ម និងបញ្ញាពលកម្មពិតៗ របស់សិល្បកររៀមច្បង និងយុវសិល្បករយើង ជាសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សានានា បានបង្ហាញអំពីគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសប់ ក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្លួន ដែលមានឈាមជ័រសិល្បៈបន្តពីដូនតា ជូនដល់ប្រជាជាតិទាំងក្នុង និងក្រៅប្រទេសបានស្គាល់ យល់ជ្រួតជ្រាប និងជាពិសេសក្នុងស្រទាប់យុវវ័យ ដើម្បីបង្កើនការចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ខ្មែរដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរ។

លោកប្រធានមន្ទីរ បានបន្តថា សកម្មភាពទាំងនេះ ជាការបង្កើតនូវផលិតផលវប្បធម៌ថ្មីៗទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ក្នុងការប្រើប្រាស់ផលិតផលវប្បធម៌ក្នុងស្រុក និងជាការរួមចំណែកកាត់បន្ថយការប្រើប្រាស់ វប្បធម៌បរទេស និងការហូរចូលឥតឈប់ឈរ នៃវប្បធម៌អវិជ្ជមាន ព្រមទាំងអាចរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់កិត្យានុភាពវប្បធម៌របស់ជាតិស្របតាមគោលដៅ កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ រួមជាមួយនិងយុទ្ធសាស្ត្រទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ»។

លោក អ៊ុក សេរីវុធ បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានា ក្នុងខេត្តទាំងមូល មេត្តារួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្ត វេនមានការចូលរួមដោយស្មារតីស្រលាញ់សិល្បៈវប្បធម៌ជាតិខ្លួន ទាំងវ័យកុមារ រហូតដល់យុវវ័យ ដើម្បីធ្វើឲ្យសិល្បៈវប្បធម៌យើង មាននិរន្តភាពក្នុងផ្នត់គំនិតយុវជន និងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យ «វប្បធម៌ដើម្បីអប់រំ» ព្រមទាំងរូបគ្នាជាធ្លុងមួយធ្វើសកម្មភាពបំផុសស្មារតីទិវាវប្បធម៌ជាតិនេះ និងខ្លឹមសារនៃទិវានេះ បានដាស់រំលឹកស្មារតីស្នេហាជាតិ ស្នេហា វប្បធម៌ជាតិស្ថិតស្ថេរជានិរន្តរ៍ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរយើងម្នាក់ៗគ្រប់ពេលវេលា៕