(អាមេរិក)៖ នៅថ្ងៃទី ២០-២១ ខែមីនា ឆ្នាំ២០២៣ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំនៃគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នាដែលមានការចូលរួមពីសំណាក់សមាជិកគណៈកម្មការដឹកនាំភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងរដ្ឋាភិបាល វិស័យឯកជន និងអ្នកសិក្សាស្រាវជ្រាវ ក្នុងគោលបំណងត្រួតពិនិត្យលើរបាយការណ៍វឌ្ឍនភាព ពិភាក្សាលើផែនការសកម្មភាពសំខាន់ៗនាពេលខាងមុខ។

កិច្ចប្រជុំក៏បានពិភាក្សាអំពីក្របខណ្ឌលទ្ធផល និងយុទ្ធសាស្រ្តពាក់ព័ន្ធនានា សម្រាប់ឆ្នាំ ២០២១-២០២២ និង បញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក ពិភាក្សាស្វែងរកនូវយុទ្ធសាស្រ្តឆ្លើយដែលសមស្របដើម្បីធ្វើឲ្យប្រសើរឡើងនូវការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យ។

កិច្ចប្រជុំបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅសម្រេចបានតាមគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិលើការទទួលបានសេវាទឹកស្អាត ការសំអាត និងអនាម័យសម្រាប់ទាំងអស់គ្នា៕