(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់សមាគមថ្នាលយុវជនកម្ពុជា (ស.យ.ក) ពង្រីកសកម្មភាពការងាររបស់ខ្លួនឱ្យចំគោលដៅ និងស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងជួយដល់យុវជន កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធផង។

ការណែនាំយ៉ាងដូច្នេះក្នុងឱកាសគណៈប្រតិភូរបស់សមាគមគ្រប់ថ្នាក់ ទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្តចូលជួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

លោក ម៉ៅ ផល្លា ប្រធានសមាគមថ្នាលយុវជនកម្ពុជា បានឱ្យដឹងថា សមាគមរបស់លោកបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានបេសកកម្មចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាល តាមរយៈការធ្វើសកម្មភាពការងារមនុស្សធម៌នៅទូទាំងប្រទេស និងកៀរគរប្រមូលសមាជិកគ្រប់ស្រទាប់វណ្ណៈឱ្យចូលជាសមាជិក។ បើគិតត្រឹមដើមខែមីនា ឆ្នាំ២០២៣នេះ សមាគមមានសមាជិកជាក្បាលម៉ាស៊ីនដឹកនាំតាមរាជាធានី-ខេត្ត ក្រុង សរុបចំនួន៣,០២៩នាក់ (ស្រី ១,៥៥៤នាក់)។

លោកបានបន្តថា សមាគម ស.យ.ក បានចុះធ្វើសកម្មភាពការងារមានចំនួន១៦រាជធានី-ខេត្ត និងបានចុះធ្វើសកម្មភាពការងារមនុស្សធម៌ចំនួន៤៨លើក ដែលក្នុងនោះមានដូចជាការឧបត្ថម្ភជាថវិកាទៅលើគ្រួសារជនក្រីក្រ ជនពិការ និងការចូលរួមឧបត្ថម្ភកសារផ្លូវក្នុងភូមិ ស្រុក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ថ្មីៗនេះសមាគមក៏បានធ្វើការខិតខំក្នុងការពង្រីកសមាជិកមកពីគ្រប់មជ្ឈដ្ឋាន និងនិន្នាកាបាន២១២នាក់ (ស្រី១១៣នាក់) ថែមទៀត។

ប្រធានសមាគមរូបនេះពិតជាពេញចិត្តចំពោះការគាំទ្រពីសំណាក់លោករដ្ឋមន្រ្តី ដែលបានផ្តល់អនុសាសន៍ល្អៗដល់សមាគម សម្រាប់ជាមូលដ្ឋានក្នុងការពង្រីកសកម្មភាពការងាររបស់ខ្លួនឱ្យចំគោលដៅ និងស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឯកភាពឱ្យសមាគមរៀបចំជាអនុស្សរណៈយោគយល់គ្នាជាមួយក្រសួង ដើម្បីបង្កើតភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ យុវជន កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងពលករនៅក្រៅប្រទេស ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿនលឿន តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ៕