(ភ្នំពេញ)៖ ការនាំចេញផលិតផលវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប មិនមានផលប៉ះពាល់បន្តិចណាឡើយ នៅកំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ បើទោះបីជាចក្រភពអង់គ្លេស ផ្តាច់ខ្លួនចេញពីសហគមន៍អឺរ៉ុបក៏ដោយ។ នេះបើតាមការព្យាករណ៍របស់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណញដាលវិជ្ជាជីវៈ។

លោក ហេង សួរ បានថ្លែងបា្រប់អង្គភាព Fresh News នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ ថា ប្រទេសកម្ពុជា មិនទទួលរងផលប៉ះពាល់ពីការចាកចេញ របស់ចក្រភពអង់គ្លេងឡើយ ចំពោះការនាំចេញផលិតនានាទៅកាន់ទីផ្សារអឺរ៉ុបឡើយ បើទោះបីជាចក្រពភអង់គ្លេស​ ចង់ចាកចេញពីសហគមន៍អឺរ៉ុប។ លោកថា អ្វីទាំងអស់មានដំណើរការដូចធម្មតា ហើយទីផ្សារអឺរ៉ុប នៅតែឈរលើលំដាប់ថ្នាក់ទី១ ដាច់ឆ្ងាយពីសហរដ្ឋអាមេរិក ពិសេសនោះ សហគមន៍អឺរ៉ុប បានវ៉ាដាច់មុខគេ តាំងពី៧-៨ឆ្នាំមុន ចាប់តាំងពីឆ្នាំ២០០៨-២០០៩ មកម្ល៉េះ ក្នុងការនាំចូលផលិតផលកាត់ដេរពីកម្ពុជា។

លោក ហេង សួរ បានបន្ថែមថា «បើទោះបីជាអង់គ្លេសបានចាកចេញពីសហគមន៍អឺរ៉ុប មិនចង់ជ្រកក្រោមទង់របស់សហគមន៍អឺរ៉ុប ក៏ពិតមែន ប៉ុន្តែចក្រភពរួមមួយនេះ នៅតែមានទំនាក់ទំនងអន្តរជាតិល្អដដែល ជាមួយបណ្ដាប្រទេសដៃគូនានា ហើយក្នុងនោះ ក៏មានកម្ពុជាផងដែរ ទាំងទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការនាំចេញ-នាំចូលផលិតផលនានា ជាដើម»

សូមជំរាបថា ខណៈដែលកម្ពុជា មានរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ជាង១ពាន់កន្លែងនៅទូទាំងប្រទេសនោះ សហគមន៍អឺរ៉ុប គឺជាទីផ្សារដ៏ធំជាងគេ នៅលើពិភពលោក សម្រាប់ការនាំចេញសំលៀកបំពាក់ពីប្រទេសកម្ពុជា។

កាលពីខែមិថុនា នៅចក្រភពអង់គ្លេស បានសម្រចធ្វើប្រជាមតិមួយ ដើម្បីសម្រេចលើការចាកចេញពីសហគមន៍អឺរ៉ុប ក្រោយពេលរួមរស់ជាមួយគ្នាអស់រយៈពេល៤៣ឆ្នាំ។ ទីបំផុតលទ្ធផលនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ បានបង្ហាញថា ប្រជាជនអង់គ្លេសភាគច្រើនណាស់ចង់ចាកចេញពីអឺរ៉ុប។ ការសម្រេចចាកចេញរបស់ប្រជាជនអង់គ្លេស បានធ្វើឱ្យមានការរង្គោះរង្គើដល់ផ្ទៃក្នុងអឺរ៉ុប ដែលអ្នកវិភាគខ្លះយល់ឃើញថា នឹងមានប្រទេសខ្លះ ចាកចេញអឺរ៉ុបបន្តទៀត៕