(កំពង់ធំ)៖ ក្រោយការប្រមូលផលស្រូវរួច ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក បានដាំដំណាំដូចជា ពោត ត្រប់ ត្រសក់ ត្រឡាច ដើម្បីផ្គត់ផ្គង់ជីវិភាពរស់នៅ កាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ និងគ្មានជាតិគីមីផងដែរ។

ដោយការយកចិត្តទុកដាក់ពីលោកអភិបាលស្រុកនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងពិនិត្យមើលផលដំណាំរបស់បងប្អូនប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ នៅក្នុងការចុះ សួរសុខទុក្ខនេះ លោកក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺកុំដាំដំណាំដូចៗគ្នាច្រើនពេក ដែលនាំឱ្យមានការលំបាក ក្នុងការរកទីផ្សារ។

លោកបន្តទៀតថា ប្រជាកសិករ ដែលដាំបន្លែខាងលើ ត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាពរបស់ប្រជាពលរដ្ឋ ដែលទិញបន្លែយកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវប្រើគីមីនោះឡើយ។ ម្យ៉ាងវិញទៀត បើសិនជាមាន ករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ជូនដល់មន្រ្តីជំនាញកសិកម្មស្រុក ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះ អភិបាលស្រុកតាំងគោក ក៏បានណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ឲ្យបានញឹកញាប់ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។

លើសពីនេះ មន្រ្តីជំនាញ ត្រូវតែចងក្រងប្រជាពលរដ្ឋជាសហគមន៍ ងាយស្រួលក្នុងការបង្ហាត់បង្រៀនពីវិធីដាំដុះ ថែទាំ និងតាមស្តង់ដាទីផ្សារ ទើបបន្លែបង្កាទាំងនោះមានការគាំទ្រច្រើនពីអតិថិជន។ លោកក៏បានអំពាវនាវដល់ ប្រពលរដ្ឋទាំងអស់ មេត្តាជួយគាំទ្របន្លែបង្កាដែលផលិតក្នុងស្រុក ព្រោះជាបន្លែធម្មជាតិ គ្មានសារធាតុគីមី ប៉ះពាល់ដល់សុខភាពនោះទេ។

ចំណែកប្រជាកសិករ បានរីករាយសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលឃើញថ្នាក់ដឹកនាំស្រុកតែងតែ ចុះសួរសុខទុក្ខ​ រហូតដល់កន្លែងដាំដុះបែប​នេះ៕