(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ ត្រូវខិតខំធ្វើអំពើល្អ បង្ការទប់ស្កាត់រាល់សកម្មភាពអុជអាល បំផុសបំផុល ញុះញង់ បង្កឲ្យមានភាព ចលាចលក្នុងសង្គម និងខិតខំដោះស្រាយសម្របសម្រួលទំនាស់ និងសកម្មភាពទាមទារតវ៉ានានានៅតាមមូលដ្ឋានដោយសន្តិវិធី ព្រមទាំងខិតខំបញ្ចៀសឲ្យបានរាល់អំពើហិង្សាតាមគ្រប់រូបភាព។

ការថ្លែងលើកឡើងបែបនេះរបស់អភិបាលខេត្ត នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដាក់ទិសដៅនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង អាជ្ញាធរពាក់ពន្ធ័ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឲ្យបានជាអតិបរមា តាមរយៈការជំរុញ និងលើកកម្ពស់ការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាការពារនូវសន្តិភាព ពង្រឹងនូវគុណតម្លៃនៃសន្តិភាព និងរួមគ្នាប្រឆាំងឲ្យបានដាច់ខាតទប់ស្កាត់ការប៉ុនប៉ងទាំងឡាយណា ដែលមានបំណងបំផ្លាញ សន្តិភាព ជាពិសេសគម្រោងគាំទ្រនានាដែលនាំទៅដល់ការធ្វើបដិវត្តន៍តាមគ្រប់រូបភាព»

លោកអភិបាលខេត្តក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសការផ្ដល់សេវា តាមយន្តការច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងត្រូវប្រើប្រាស់ថវិការបស់ខ្លួនឲ្យបានចំទិសដៅ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដជាក់ស្ដែងរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពបំផុត។

យោងតាមរបាយការណ៍នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌ នៅខេត្តស្វាយរៀង កើតឡើងនៅក្នុងឆ្នាំ២០២២ មានចំនួន ៦១លើក បើប្រៀបធៀបនឹងឆ្នាំ២០២១ មាន៣៤លើក កើនឡើងចំនួន២៧លើក។

តាមរបាយការណ៍បានបញ្ជាក់ថា បទល្មើសឧក្រិដ្ឋ ៩លើក រួមមាន៖ លួចមានស្ថានទម្ងន់ទោស១លើក ឃាតកម្ម ៤លើក បង្ខាំងមនុស្សខុសច្បាប់២លើក និងរំលោភសេពសន្ថវៈ ២លើក និងបទល្មើសមជ្ឈិម ៥២លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦នាក់ រងរបួស ២២នាក់ រងគ្រោះ ៣៥នាក់ បាត់បង់ម៉ូតូ ១២គ្រឿង និងបាត់បង់សម្ភារៈប្រើប្រាស់មួយចំនួន។ សមត្ថកិច្ចធ្វើការបង្រ្កាបបានចំនួន ៥៨/៦១លើក ស្មើនឹង ៩៥% ឃាត់ខ្លួនជនសង្ស័យ ៨៥នាក់ ស្រី ៩នាក់។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តនេះ មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៨ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេឃុំ ចៅសង្កាត់ ស្មៀន ប៉ុស្តិ៍រដ្ឋបាលប្រមាណជិត៥០០នាក់ផងដែរ៕