(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃគម្រោងបោសសម្អាតមីន នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ដើម្បីបូកសរុបលទ្ធផលបញ្ចប់គម្រោងបោសសម្អាតមីន ដំណាក់កាលទី២ (២០១១-២០១៦) ដែលទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់ និងពិភាក្សាដាក់ទិសដៅបន្ត លើគម្រោងបោសសម្អាតមីន សម្រាប់ដំណាក់កាលទី៣ (២០១៦-២០១៩)។

ក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសម្អាតមីន បានលើកបង្ហាញពីជោគជ័យនេះថា គិតចាប់ពីឆ្នាំ២០១១ ដល់ខែកុម្ភះ ឆ្នាំ២០១៦ គម្រោងបោសសម្អាតមីន ដំណាក់កាលទី២ បានចំណាយថវិកាសរុបប្រមាណ២៧.៥លានដុល្លារអាមេរិក ដោយបានរំដោះផ្ទៃដីចំនួន១៤៥គីឡូម៉ែតក្រឡា ដែល៨០ភាគរយត្រូវបានប្រើប្រាស់ សម្រាប់ដីកសិកម្ម និង២០ភាគរយទៀត សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។

ចំណែកឯប្រជាពលរដ្ឋ ដែលបានទទួល ផលចំនួន ៣៩១,៦២៦នាក់ និងអត្រារងគ្រោះថ្នាក់ ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានធ្លាក់ចុះនៅត្រឹម៨៣ភាគរយ។ម្យ៉ាងទៀត សម្រាប់គម្រោងបន្តដំណាក់កាលទី៣នេះ អាជ្ញាធរមីន ក៏បានទទួលថវិកាសរុបប្រមាណ១១លានដុល្លារអាមេរិក ដែលបានមកពីការគាំទ្ររបស់ដៃគូមួយចំនួន មានប្រទេសអូស្ត្រាលី ស្វីស និងអង្គការ UNDP ដោយត្រូវចែកចេញជាសកម្មភាពធំៗ ចំនួន៣ រួមមាន៖ ទី១.ការគាំទ្រគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់វិស័យសកម្មភាពមីន, ទី២.បង្កើតប្រព័ន្ធត្រួតពិនិត្យកម្មវិធីសកម្មភាពមីន ដែលបង្ហាញពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព, និងទី៣.ការបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការចូលរួមវិភាគទានថវិកាពីរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកស្រី Setsuko Yamazaki តំណាងដៃគូរអភិឌ្ឍនៃអង្គការ UNDP ប្រចាំកម្ពុជា ក៏បានអបអរសាទរ ចំពោះជោគជ័យនៃគម្រោងបោសសម្អាតមីន សម្រាប់ដំណាក់កាលទី២ ហើយក៏បានគាំទ្រនូវការបន្តរួមគ្នា អនុវត្តការងារគម្រោង បោសសម្អាតមីន ដំណាល់កាលទី៣ទៀតផងដែរ។

សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ក៏ដូចជារាជរដ្ឋាភិបាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ដៃគូអភិវឌ្ឍនានា មានប្រទេសអូស្ត្រាលី កាណាដា បារាំង ស្វីស អង់គ្លេស ណឺរវេហ្សេឡង់ ប៊ែលហ្សិក អូទ្រីស អៀឡង់ អង្គការ UNDP និងដៃគូរអភិឌ្ឍដ៏ទៃទៀត ដែលតែងតែគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការរួមចំណែកជួយការងារមនុស្សធម៌ ដើម្បីឲ្យកម្ពុជាអាចធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានជាបន្តបន្ទាប់៕