(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈកម្មាធិការដោះស្រាយ ទំនាស់ដីធ្លី និងស្ថាប័នពាក់ព័ន្ធនានា រៀបចំបើកកិច្ចប្រជុំពិភាក្សាដោះស្រាយទំនាស់លើ ដីពន្ធនាគារមួយកន្លែង ស្ថិតនៅឃុំដំរីស្លាប់ ឃុំត្បែង ជាប់នឹងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលប្រជាពលរដ្ឋមួយចំនួន បានយកទៅកាន់កាប់ដោយគ្មានច្បាប់អនុញ្ញាត និងទទួចឱ្យមានការដោះស្រាយជាបន្ទាន់។

លោក គង់ វិមាន បានឱ្យដឹងថា បញ្ហាដីសម្រាប់ការអភិវឌ្ឍវិស័យនានា ក្នុងពន្ធនាគារ ត្រូវចាំបាច់សហការ ពីគ្រប់ស្ថាប័នពាក់ព័ន្ឋ ក្នុងការពិភាក្សារកដំណោះស្រាយ ឲ្យបានឆាប់រហ័ស រួមទាំងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានយល់ជ្រាបពីប្រវត្តិដី និងជាសិទ្ធិគ្រប់គ្រងរបស់ស្ថាប័នពន្ធនាគារ ដែលរដ្ឋបានប្រគល់ជូនសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុងពន្ធនាគារ ដូចជា ទីតាំងអាគារបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តារនីតិសម្បទា ដាំដំណាំ រោងជាង សិប្បកម្ម និងមណ្ឌលកែប្រែ។

លោកបានបន្ថែមថា ដីចំនួន២២៥.០៨ហិចតា មិនអនុញ្ញាតឲ្យបុគ្គលណា មកចាប់យកគ្រប់គ្រងធ្វើដីកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ។ ដោយឡែកថ្មីនេះ មានការរំលោភបំពានយកដីរបស់រដ្ឋ ដែលជាកម្មសិទ្ធិរបស់អង្គភាពពន្ធនាគារ ដែលរដ្ឋបានផ្តល់ឱ្យ ត្រូវតែធ្វើការដោះស្រាយជាបន្ទាន់។

សូមជម្រាបថា ការបើកកិច្ចពិភាក្សានេះ ក្នុងគោលបំណងពន្លឿនការដោះស្រាយទំនាស់ដី ដែលប្រជាពលរដ្ឋកាន់កាប់នោះ ឱ្យបានលឿន ដើម្បីដកហូតយកធ្វើការអភិវឌ្ឍផ្នែកនានានៃពន្ធនាគារខេត្ត និងទុកសម្រាប់ពង្រីកអគារផ្សេងៗទៀត នៅពេលក្រោយ៕