(ភ្នំពេញ)៖ ត្រឹមរយះពេល៤ថ្ងៃ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ជឹម ឬទ្ធី ជាមេបញ្ជាការ បានបើកប្រតិបត្តិការ តាមចាប់ក្រុមជនដៃដល់ ចំនួន៥នាក់ ក្នុងនោះ២នាក់ ជាជនប្រព្រឹត្ត និង៣នាក់ជាបក្ខពួក (អ្នកទទួលផលចោរកម្ម) ដែលជាប់ពាក់ព័ន្ធ ការជិះម៉ូតូដេញកាប់ប្រហារ ជនរងគ្រោះ២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្រោយផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦។

ប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនក្រុមបង្កខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមានទី១ឈ្មោះ សូ សុផុន អាយុ៣៥ឆ្នាំ ទី២ឈ្មោះ លុង សាវុទ្ធី អាយុ២៣ឆ្នាំ ទី៣ឈ្មោះ សូ ពុទ្ធវិច្ឆិកា អាយុ២៥ឆ្នាំ ទី៤ឈ្មោះអយ ដាវីតអាយុ២២ឆ្នាំ (អ្នកប្រព្រឹត្ត) និងទី៥ឈ្មោះ ជឿត ឌី ហៅទ្រេត អាយុ២៥ឆ្នាំ (អ្នកប្រព្រឹត្ត)។ យ៉ាងណាក៏ដោយ សម្រាប់បក្ខពួកផ្សេងទៀត បាន និងកំពុងរត់គេចខ្លួន ហើយកម្លាំងជំនាញបាន និងកំពុងតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្សារកាណាសីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានករណីកាប់ប្រហារបណ្តាលឲ្យស្លាប់បុរសម្នាក់ និងរបួសម្នាក់។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ស្រុកកំណើត ភូមិត្រពាំងកណ្តាល ឃុំមឺនជ័យ ស្រុករំដួលស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ ទី២ឈ្មោះ សោម ពិស័យ ហៅអេង អាយុជាង៣០ឆ្នាំ មានស្រុកកំណើត ជាមួយគ្នា។

បើតាមសំដីអ្នកដែលឃើញហេតុការណ៍ បានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានដើរចេញពីបន្ទប់ជួល ក្នុងបំណងមកផ្សារកាណាសីធី លុះមកដល់កន្លែង កើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូC125 ពណ៌ខ្មៅ២គ្រឿង មិនចាំសេរី និងស្លាកលេខមកដល់ ក៏កាប់មកលើ ជនរងគ្រោះពីក្រោយ ចំកញ្ចឹងករបណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ និងម្នាក់ទៀតត្រូវខ្នងបណ្តាលឲ្យរបួសស្រាល។ សម្រាប់ជនសង្ស័យទាំង៣នាក់ បាននិងកំពុងស្ថិតនៅក្រោមការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីចាត់ការតាមច្បាប់៕