(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងប្រាប់ រដ្ឋមន្ត្រីការបរទេសសហដ្ឋអាមេរិក លោក John Kerry ថា សហរដ្ឋអាមេរិកគួរតែនៅឲ្យស្ងៀម និងកុំធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និង​សន្ដិសុខ​​របស់ប្រទេសចិន ទាក់ទិននឹងរឿងសមុទ្រចិនខាងត្បូង មុនពេល​តុលាការអន្តរជាតិ​ចេញសេចក្ដីសម្រេច​លើ​ជម្លោះផ្លូវទឹក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៧ ខែកក្ដដា។

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងប្រាប់លោក John Kerry តាមរយៈទូរស័ព្ទថា អាមេរិក​គួរតែ​បញ្ឈប់នូវសកម្មភាពនៃការជ្រាតជ្រែងរបស់ខ្លួននៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង ព្រោះវាអាច​នាំ​ឲ្យ​មានបាតុភាព​មិនល្អណាមួយកើតមានឡើងរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី១២ ខែកក្កដាខាងមុខនេះ តុលាការ​អន្តរជាតិ​នឹងសម្រេចក្ដីពាក់ព័ន្ធនឹងជម្លោះរវាងចិន និង​ហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ផងដែរថា នៅសប្ដាហ៍នេះផងដែរ ចិន​បានធ្វើសមយុទ្ធយោធានៅក្បែរកោះ Paracel ជិតតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង ចំណែកនាវាចម្បាំងអាមេរិក បានបើកល្បាតក្បែរៗនោះ៕