(ភ្នំពេញ)៖ ចាងហ្វាងផលិតកម្ម BKS វ័យក្មេង និងជាតារាសម្ដែងមួយរូបផង​នោះ លោក ឈុន សុវណ្ណភក្តី បានថ្លែងនៅក្នុងពិធីបើកសម្ពោធ​ ចាក់បញ្ចាំងរឿង «​អាស៊ុយទ្រីស្មោះស្នេហ៍» កាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះថា រឿង​ «​អាស៊ុយទ្រីស្មោះស្នេហ៍» នឹងទទួលបានជោគជ័យខ្ពស់ លើសពីការរំពឹងទុក ព្រោះលោកបានមើលឃើញថា ទស្សនិកជនបាន​គាំទ្រខ្លាំង ជាពិសេសយុវវ័យ ខណៈភាពយន្តនេះ​ត្រូវបានផលិតកម្មរបស់លោក សម្រិតសម្រាំងឡើងយ៉ាងល្អ និងជាចំណីចក្ខុថ្មី​មួយទៀត បែបកំប្លែងជូន​ដល់អ្នកទស្សនា។

ជាចាងហ្វាងផលិតកម្ម និងជាតារាសម្ដែងក្នុង​រឿងរបស់ខ្លួនឯង លោក ឈុន សុវណ្ណភក្តី បានបន្ថែមថា រឿង​ «​អាស៊ុយទ្រីស្មោះស្នេហ៍» លោកបានចំណាយទុនផលិត ប្រមាណជាង៧ម៉ឺនដុល្លារ ដោយមានតួ​សម្ដែងល្បីៗចូលរួម និងមានបច្ចេកទេសស្ដង់ដារ អាចទទួលយកបាន ព្រោះឧបករណ៍ដែលបានប្រើ​ ក្នុងការផលិតកុននេះ សុទ្ធសឹងតែ​ទំនើបៗថ្មីៗ រូបភាពច្បាស់ល្អ និងមានឈុតឆាក កំប្លែង តាំងពីដើមរហូតដល់ចប់ លាយឡំមនោសញ្ចេតនា សម្រក់ទឹកភ្នែក បានញ៉ាំងឲ្យទស្សនិកជន ដែលទស្សនា​ផ្ទាល់ សើចហើយសើចទៀត ជាមួយនឹងសកម្មភាព​​ឡប់ៗ របស់រូបលោក​ផ​ងដែរ។

​ចាងហ្វាងផលិតកម្មវ័យក្មេង និងជាតួឯកក្នុងរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» លោក ឈុន សុវណ្ណភក្តី បានឲ្យដឹងថា សម្រាប់ភាពយន្ត​នេះ ​លោករំពឹងជោគជ័យច្រើន រហូតដល់ទៅ៨០ ភាគរយ ព្រោះតែរឿងទី២នេះ ​ផលិតកម្មលោក​បានសម្រិតសម្រាំង ទាំងគុណភាព គ្រប់បែបយ៉ាង ធ្វើយ៉ាងណា​អាចប្រកួតប្រជែង នៅលើទីផ្សារបាន​។

ឈុន សុវណ្ណភក្តីនិយាយថា «ភាពយន្តនេះខាងផលិតកម្ម​ខ្ញុំ​ផលិតអស់ជាង ៧ម៉ឺនដុល្លារ ជាមួយនឹងឧបករណ៍ទំនើបៗ និង​តួល្បីៗ យកមកសម្តែង ដូច្នេះខ្ញុំរំពឹងថា នឹងជោគជ័យ ព្រោះមានការ Comment និង Link ច្រើនពេលចេញជា trailler ក្នុង Facebook ហើយជាក់ស្ដែងនៅថ្ងៃដាក់បញ្ចាំងនេះ ក៏ឃើញមានទស្សនិកជនមករង់ចាំចូលទស្សនាច្រើនដែរ»

ជាមួយនឹងការរំពឹងខ្ពស់នេះដែរ លោក​ក៏បានអះអាងថា ខាងផលិតកម្ម BKS នឹងប្តេជ្ញាចិត្ត ផលិតរឿងឲ្យបាន ២រឿងក្នុងមួយឆ្នាំ ហើយភាពយន្តក្រោយនេះ អាចនឹងនិយាយអំពីប្រវត្តិសាស្ត្រខ្មែរ ហើយក៏នឹងបន្តប្រកាន់គោលជំហរ ផលិតបទចម្រៀង Original Song ទៀតផង​៕