(ប៉ារីស)៖ ឧបសគ្គធំសម្រាប់ក្រុមឥន្រ្ទីដែកអាល្លឹម៉ង់ ក្នុងការប្រជែងយកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ឆ្នាំនេះ គឺមានតែមាន់គកបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីម៉ោង ២រំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ហើយប្រសិនបើអាចឆ្លងផុតមែននោះ គឺអាល្លឺម៉ង់ មានសង្ឃឹមច្រើនក្នុងការលើកពាន Euro ជាលើកទី៤ របស់គេ ដោយត្រូវប៉ះជម្រើសជាតិព័រទុយហ្គាល់ នៅវគ្គផ្តាច់ព្រ័ត្រនោះ។

តាមរយៈគេហទំព័រ UEFA បានឲ្យដឹងថា អាល្លឺម៉ង់ ទើបតែបានយកឈ្នះបារាំង ១-០ កាលពីក្នុងវគ្គ៨ក្រុមនៃ World Cup 2014 នៅប្រេស៊ីល មុនឈ្នះប្រេស៊ីល ៧-១ និងឈ្នះអាហ្សង់ទីន ១-០ ក្នុងនាទីបន្ថែម ដើម្បីលើកពាន World Cup 2014 គម្រប់លើកទី៤ របស់គេ ហើយអាល្លឺម៉ង់ក៏មិនដែលមានប្រវត្តិលេងចាញ់បារាំង ក្នុងព្រឹត្តិការណ៍ពានរង្វាន់ ធំៗនាពេលកន្លងមកដែរ គិតចាប់តាំងពីឆ្នាំ១៩៥៨មក។

លើសពីនេះទៀត អាល្លឺម៉ង់ ក៏ធ្លាប់បានទម្លាក់បារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២សម័យកាលជាប់ៗគ្នាក្នុង World Cup 1982 និង World Cup 1986 ក្នុងចំណោមប្រវត្តិជួបគ្នាសរុប ២៧ដង អាល្លឺម៉ង់ ឈ្នះ៩ដង និងចាញ់បារាំង ១២ដង ក្នុងចំណោម៤ប្រកួតចុងក្រោយនេះ ក្រុមទាំងពីរធ្លាប់ឈ្នះម្តងដូចគ្នា និងស្មើ២ដង។ អាល្លឺម៉ង់ ជាក្រុមវ័យចំណាស់ជាងគេ និងពោរពេញដោយបទពិសោធក្នុងការលេងពានដែលមានរយៈពេល៤ឆ្នាំម្តងនេះ ដោយបានឈ្នះបាន Euro ចុងក្រោយគេក្នុងឆ្នាំ១៩៩៦ ក្រោយយកឈ្នះសាធារណរដ្ឋឆេក ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ដែលមានអង់គ្លេសធ្វើម្ចាស់ផ្ទះ ក្នុងចំណោម៦សម័យកាលដែលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ។

ស្ថិតិនៃការទស្សន៍ទាយ ស្ទើរតែ ១០០% ថាអាល្លឺម៉ង់នឹងលើកពាននេះ ដូចទៅនឹងការឈ្នះពាន World Cup 2014 នៅប្រទេសប្រេស៊ីលអីចឹងដែរ គឺពិតជាអាល្លឺម៉ង់ឈ្នះពានប្រាកដមែន ដោយសំអាងថា អាល្លឺម៉ង់ លេងស្មើជើងគ្នាល្អណាស់ទាំងអ្នកចាំទី ប្រព័ន្ធការពារ បម្រើប្រយុទ្ធ និងប្រយុទ្ធ ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ដូចគ្នា Joachim Loew តាំងពីឆ្នាំ២០០៦មក។ ក្នុងប្រវត្តិលេងបាល់របស់អាល្លឹម៉ង់ ខ្លាចតែ៤ក្រុមគត់នាពេលកន្លងមកគឺ ប្រេស៊ីល អាហ្សង់ទីន អ៊ីតាលី និងអេស្ប៉ាញ តែសម្រាប់បច្ចុប្បន្នបានសងសឹក យកឈ្នះក្រុមទាំងអស់នេះហើយ ទាំងនៅក្នុងព្រឹត្តិការណ៍ World Cup និង Euro។

អាល្លឹម៉ង់ ជាក្រុមលេខ១ ចេញពីពូល C ដោយលេង៣ប្រកួត ឈ្នះអ៊ុយក្រែន ២-០ ស្មើ ០-០ ទល់នឹងប៉ូឡូញ និងបាន យកឈ្នះអៀរឡង់ខាងជើង ១-០ មុនមកទម្លាក់ស្លូវ៉ាគី ៣-០ ក្នុងវគ្គ១៦ក្រុម និងបន្តសងសឹកសត្រូវចាស់ដែលបានទម្លាក់គេ ២-១ កាលពី Euro 2012 អ៊ីតាលី ដោយបាល់ប៉េណាល់ទី ៦-៥ ក្រោយប្រកួតពេញម៉ោង និងថែម ១៥នាទី ២ដងស្មើគ្នា ១-១។ ឆ្លងកាត់៥ប្រកួតមកនេះ អាល្លឺម៉ង់ ទើបតែរបូត១គ្រាប់ប៉ុណ្ណោះដោយបាល់ប៉េណាល់ទីទៀត ពេល ប្រកួតបានស្មើលទ្ធផល ១-១ ទល់នឹងអ៊ីតាលីក្នុងវគ្គ៨ក្រុម សម្រាប់ការស៊ុត ឬក៏តែតបញ្ចូលទីគ្មានឡើយ ត្រូវបានខ្សែការពារអាល្លឺម៉ង់បិទជាប់ គ្មានចន្លោះប្រហោងឡើយ។

កីឡាករអាល្លឺម៉ង់ លេងបាល់វែងក៏ចេះ និងបាល់ខ្លីក៏ចេះ ដោយសារអំណោយកម្ពស់ និងមាឌធំ ស្ទើរតែគ្រប់កីឡាករ ហើយទម្រង់លេងមួយៗ មិនប្រញាប់ប្រញាល់ឡើយ ដោយកីឡាករភាគច្រើនរបស់គេ រើសចេញ តែពីក្នុងក្លឹបអាជីពក្នុងស្រុកប៉ុណ្ណោះ គឹ Bayern Munich និង Borussia Dortmund និងមកពី Arsenal, Chelsea និង Juventus ម្នាក់ៗដូចគ្នាយ៉ាងច្រើនបំផុត។

កីឡាករអាល្លឺម៉ង់ ៣នាក់កំពុងមានបញ្ហារបួសដូចជា ខ្សែប្រយុទ្ធ Mario Gomez, ខ្សែបម្រើប្រយុទ្ធ Sami Khedira និង និងខ្សែការពារ Mats Hummels ដែលមិនមែនជាបញ្ហាចោទសម្រាប់ក្រុមជើងឯកពាន World Cup ៤សម័យកាលនេះដែរ ព្រោះនៅមាន Mario Goetze, Thomas Mueller, Jerome Boateng, Julian Draxler និងអ្នកជំនាញបញ្ជូនបាល់ Mesut Oezil ជាដើម។

ងាកមកចាប់អារម្មណ៍ម្ចាស់ផ្ទះមាន់គកបារាំងវិញ ប៉ះសុទ្ធតែក្រុមខ្សោយ ៥ប្រកួតនាពេលកន្លងមក ក្នុងនាមជាក្រុម ឈរនៅលេខ១ ចេញពីពូល A ដោយលេងវគ្គជម្រុះ៣ប្រកួត ឈ្នះរ៉ូម៉ានី ២-១ ឈ្នះអាល់បានី ២-០ មុនមកស្មើ ០-០ ជាមួយស្វីសនៅថ្ងៃបិទបញ្ចប់ពូល ដើម្បីឡើងទៅទម្លាក់អៀរឡង់ខាងជើង ២-១ នៃវគ្គ១៦ក្រុម មុនបន្តបំបាក់អ៊ីស្លង់ ៥-២ ក្នុងវគ្គ៨ក្រុម ឡើងទៅជួបអាល្លឺម៉ង់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីនេះ។
ពី១ប្រកួតទៅ១ប្រកួតរបស់បារាំង តែងតែរបូតគ្រាប់បាល់ជានិច្ច នេះបញ្ជាក់ថា ប្រព័ន្ធការពារពាន Euro ២សម័យ (១៩៨៤ និង ២០០០) មួយនេះ នៅមានភាពផុយស្រួយ ជាពិសេសនៅពេលដែលប្រកួតឈ្នះអ៊ីស្លង់ ៥-២ ក្នុងវគ្គ៨ក្រុមតែម្តង។ កីឡាករខ្សែការពារ Patrice Evra មកពីក្លឹប Juventus, Adil Rami មកពីក្លឹប Sevilla, Koscielny មកពីក្លឹប Arsenal និង Bacary Sagna មកពីក្លឹប Manchester City មិនសូវជាការពារបានល្អដូចទៅនឹងខ្សែការពារមាឌធំៗរបស់ អាល្លឺម៉ង់ ដែលមាន Jerome Boateng, Kimmich, Mutsufi និង Jonas Hector ឡើយ តែតំបន់ប្រយុទ្ធរបស់គេ មុតស្រួច ដោយមានកីឡាករ Dimitri Payet មកពីក្លឹប West Ham United, Olivier Giroud មកពីក្លឹប Arsenal និង Antoine Griezmann មកពីក្លឹប Atletico Madrid និងកីឡាករខ្សែបម្រើ Paul Pogba មកពីក្លឹប Juventus។

តែយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការទាយទុកមុនប៉ុណ្ណោះ មិនប្រាកដថា ត្រឹមត្រូវ ១០០% នោះទេ ព្រោះបាល់មូល ហើយក្រុមខ្លាំង ក៏មិនប្រាកដថា ឈ្នះរហូត និងក្រុមខ្សោយ ក៏មិនប្រាកដថា ចាញ់រហូតនោះដែរ ហើយបាល់ទាត់ តែងតែប្រែប្រួលគ្រប់ពេលវេលាទាំងអស់ ដោយសារតែការផ្លាស់ប្តូរកីឡាករ និងយុទ្ធសាស្រ្តដឹកនាំរបស់គ្រូបង្វឹកនីមួយៗ៕