(ភ្នំពេញ)៖ រោងភាពយន្ត Legend បានរកឃើញអ្នកមានសំណាង ចំនួន៥ រង្វាន់ (ផ្ដល់សំណាង៥រង្វាន់ ក្នុង១ង្វាន់សម្រាប់មនុស្ស២នាក់) ដែលត្រូវធ្វើដំណើរកម្សាន្ត រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសសិង្ហបុរី ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ​របស់ខ្លួន ដែលបានរៀបចំកម្មវិធីចាប់រង្វាន់ នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត Legend ផ្សារទំនើប ស៊ីធីម៉ល ។

តំណាងរោងភាពយន្ត Legend បានប្រាប់ឲ្យដឹងថា កម្មវិធីនេះចាប់ឆ្នោតផ្សងសំណាង ចំនួន៥រង្វាន់នេះ រៀបចំឡើងដោយ​រោងភាពយន្ត Legend និងទទួលបានការសហការធំ ដោយក្រុមហ៊ុន កូកាកូឡា ,ក្រុមហ៊ុនទេសចរណ៍ Silk Air និងក្រុមហ៊ុនទេសចរណ៍ VTNK ។ ការចាប់រង្វាន់ផ្ដល់​មហាសំណាងនេះ គឺត្រូវបានផ្ដល់កិត្តិយសដោយ តារាសម្ដែងដ៏ល្បី កញ្ញា មាន សូនីតា ដែលត្រូវជាឯកអគ្គរាជទូតសុឆន្ទៈ របស់រោងភាពយន្ត Legend ផ្ទាល់តែម្ដង។

តំណាងដដែលបានបន្តថា អ្នកឈ្នះ​ទាំង៥ រង្វាន់នោះ រួមមាន ទី១ ឈ្មោះ សួស ម៉ូណាន ភេទប្រុស នៅភ្នំពេញ , ទី២ ឈ្មោះ យីម ស៊ាងលីម ភេទប្រុស នៅភ្នំពេញ, ទី៣ឈ្មោះ គី សូដានីដ ភេទប្រុស នៅភ្នំពេញ, ទី៤ ឈ្មោះ លៀម និងទី៥ ឈ្មោះ យាង ចាន់ក្រុង ភេទប្រុសរស់នៅ ភ្នំពេញ ។ អ្នកមានសំណាងខាងលើ នឹងត្រូវធ្វើដំណើរទៅកម្សាន្ត នៅក្នុងប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៤ ខែសីហា ឆ្នាំ២០១៦នេះ និងស្នាក់នៅក្នុងសណ្ឋាគារ​​លំដាប់ផ្កាយ៥ ទៀតផង។ 

​បន្ទាប់ពីបានប្រកាសឈ្មោះ ក្នុងកម្មវិធីរួច ឈ្មោះអ្នកមានសំណាងខាងលើ ក៏នឹងត្រូវប្រកាស តាមរយៈគេហទំព័រផ្ទាល់របស់​រោងភាពយន្ត Legend និងធ្វើការទាក់ទង តាមរយៈទូរស័ព្ទដៃ ទៅកាន់អ្នកមាន​សំណាងទាំងនោះផងដែរ ដើម្បីទទួលបានព័ត៌មានលំអិត ជុំវិញដំណើរកម្សាន្តដ៏អស្ចារ្យ អបអរសាទរខួប៥ឆ្នាំ របស់រោងភាពយន្ត Legend នៅពេលនេះ៕