(ព្រះវិហារ)៖ ថ្ងៃទី០៧ ខែកក្កដានេះ ជាខួបលើកទី៨ឆ្នាំ (៧ កក្កដា ២០០៨ - ៧ កក្កដា ២០១៦) គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ នៃការចុះបញ្ជីដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិក​ភណ្ឌពិភពលោក។

រយៈពេល៨ឆ្នាំហើយ ដែលប្រាសាទព្រះវិហារក្នុងបុព្វហេតុការពារផង អភិរក្សផង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតក្លាយជាតំបន់ ទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងការអភិវឌ្ឍន៍ដល់ថ្ងៃនេះ ។

ថ្លែងចេញពីអាគារសន្តិភាពសម្តេចតេជោ ហ៊ុន សែន ៥មករាប្រាសាទព្រះវិហារ នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង អតីតៈប្រធានគណៈបញ្ជាការ សមរភូមិទិសប្រាសាទព្រះវិហារ បានបញ្ជាក់ថា «ថ្ងៃ៧កក្កដា គឺជាថ្ងៃមោទនភាពជាតិធំធេងបំផុត ជាថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារ ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនេះ បានធ្វើឲ្យពិភពលោកទទួលស្គាល់ថា កម្ពុជាជាម្ចាស់នៃប្រាសាទនេះ ហើយវប្បធម៌ និងស្ថាបត្យកម្ម ដែលមានអាយុកាលជាង ១,០០០ឆ្នាំ នៅលើកំពូលភ្នំដងរែកនេះ ឲ្យក្លាយទៅជាសម្បត្តិ បេតិកភណ្ឌពិភពលោក ដែលគេឲ្យតម្លៃខ្ពស់បំផុត គឺធ្វើឲ្យពិភពលោកដឹងថា ជាមរតករបស់ខ្មែរ ពិសេសគឺមិនមែនទទួលស្គាល់ តែក្នុងប្រទេសអាស៊ាន ឬក៏តែប្រទេស ដែលនៅជិតខាងប៉ុណ្ណោះទេ គឺពិភពលោកទាំងមូលដឹងថា នេះគឺជារតនៈកម្ពុជា ហើយបានក្លាយទៅជា សម្បត្តិពិភពលោក»។

ជាការពិតណាស់ ស្ថានការណ៍នៅតំបន់ប្រាសាទព្រះវិហារមានសភាពតានតឹង ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មានការប៉ះទង្គិចជាច្រើនលើក រហូតដល់ការវាយប្រយុទ្ធជាទ្រង់ទ្រាយធំ ២លើកក្នុងឆ្នាំ២០១១ តែដោយសារការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃម្ពុជា ក្នុងការធ្វើឲ្យព្រំដែនមានសន្តិភាព មានកិច្ចសហប្រតិបត្តិការល្អ ដើម្បីផលប្រយោជន៍ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ ពិសេសនាំដល់តុលាការយុត្តិធម៌អន្តរជាតិប្រកាស បកស្រាយជាលើកទី២ ថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៣ថា ប្រាសាទព្រះវិហារព្រះវិហារជារបស់ខ្មែរ។

ពិតមែនតែសភាពការណ៍ស្ងប់ស្ងាត់ តែកងទ័ពនៅតែប្រុងប្រយ័ត្នជានិច្ច ចេញល្បាតការពារ បន្ទាត់ព្រំដែនតាមចំណុចឈរជើងរៀងៗខ្លួន។ ពួកគេនៅតែមានមហិច្ឆិតាឈ្លានពាន (បើយើងចុះខ្សោយគេយក បើយើងរឹងមាំគេថយ)។ ជ័យជំនះនេះ បានមកពីការរួមគ្នាអនុវត្តបទបញ្ជាតែមួយ គឺបទបញ្ជាដ៏មានប្រសិទ្ធិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងសិទ្ធិស្វ័យការពារទឹកដី។

នាយឧត្តមសេនីយ៍ ជា តារា បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ដល់កងកម្លាំងទាំងអស់ទាំង កងទ័ពកងនគរបាល ទាំងកម្លាំងថ្មីដែលឡើងទៅជំនួស ទាំងកម្លាំងចាស់ដែលកែសម្រួល មកហ្វឹកហ្វឺននៅខាងក្រោយ កងកម្លាំងយើងនៅតែត្រូវការធានា ត្រូវការហ្វឹកហ្វឺន ថែរក្សាបច្ចេកទេសអាវុធ គ្រាប់ ត្រូវការអភិវឌ្ឍន៍ កសាងអង្គភាព និងគ្រួសារកងទ័ព ទើបយើងមានលំនឹងហើយ យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងដាច់ខាតការពារ សមិទ្ធិផលជាសម្បត្តិ ដ៏មានតម្លៃជាប្រវត្តិសាស្រ្ត ឲ្យបានស្ថិតស្ថរគង់វង្សយូរអង្វែងតទៅ៕