(ភ្នំពេញ)៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង។ ជាក់ស្តែងចំពោះបងប្អូនឥស្លាម រាជរដ្ឋាភិបាល បានបើកទូលាយដល់បងប្អូនខ្មែរឥស្លាម តាមរយៈការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណី នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញជា​អធិបតីក្នុង​ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ ដោយមានការចូលរួមពីលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ។

សម្តេចតេជោបានថ្លែងទៀតថា «រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនា ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាត ចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា។ ជាលទ្ធផលជម្លោះ ឬសង្រ្គាមសាសនា ពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជានោះឡើយ ហើយកម្ពុជាត្រូវបានទទួលស្គាល់ និងទទួលបានការកោតសរសើរ ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះសុខដុមភាពជំនឿសាសនា ដែលកម្ពុជាសម្រេចបាន ជាមួយនឹងការថែរក្សានូវចីរភាពនៃសុខដុមភាពដ៏ប្រពៃនេះ»

ពាក់ព័ន្ធឥស្លាមសាសនា, សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចក៏បានរៀបចំបង្កើតគណៈជាន់ខ្ពស់នៃសាសនាកម្ពុជា ដែលជាស្ថាប័នកំពូលឥស្លាម។ លើសពីនេះ ក្នុងនាមសម្តេចជានាយករដ្ឋមន្រ្តី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកា និងក្របខណ្ឌគ្រូបង្រៀនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ និងគ្រួសារបងប្អូនខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់រំបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យសាសនា បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានថ្លែងថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) និងបណ្តាប្រទេសជាច្រើន បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយបានយកកម្ពុជាធ្វើជាគម្រូដ៏ល្អនៃប្រទេស ដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយនូវសំណូមពរជាច្រើនជូនបងប្អូនខ្មែរឥស្លាម ទាំងផ្តល់គ្រូបង្រៀនខ្មែរឥស្លាម សាលារៀននៅតាមបណ្តាភូមិឥស្លាមជាច្រើន។ មិនតែប៉ុណ្ណោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់គោលនយោបាយ រៀបចំឱ្យមានបងប្អូនមុស្លិម បានចូលរួមបម្រើកិច្ចការជូនជាតិ នៅក្នុងស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីជាន់ខ្ពស់នគរបាល យោធាជាដើម ដែលនៅអាណត្តិទី៦នេះមាន៖ សមាជិកព្រឹទ្ធសភា០២ រូប សមាជិករដ្ឋសភា ០៨ រូប (ស្ត្រី២រូប) សមាជិករាជរដ្ឋាភិបាលជាទេសរដ្ឋមន្ត្រី ០១រូប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ១រូប រដ្ឋលេខាធិការ ១៥ រូប (ស្ត្រី២រូប) អនុរដ្ឋលេខាធិការ២២រូប (ស្ត្រី៤ រូប)ទីប្រឹក្សាជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ២៦រូប អភិបាលរងរាជធានី-ខេត្ត ១៣រូប អភិបាលរងក្រុង ស្រុក ខណ្ឌ ៤៧រូប សមាជិកក្រុមប្រឹក្សាខេត្ត ១១រូប សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ៨៨រូប សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ១៦៧រូប និងមន្ត្រីថ្នាក់ឧត្តមសេនីយ៍នគរបាល យោធា២១រូប និងបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៥០០នាក់ និងគ្រូជាប់កិច្ចសន្យា ១៧៨នាក់ ក្នុងនេះមានស្ត្រី ៣៥០នាក់ តាំងពីឆ្នាំ២០១៥។

លោកប​ន្ថែមទៀតថា បងប្អូនមុស្លិមកម្ពុជាពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំប្រទេស ជាអ្នកកាន់សាសនាព្រះពុទ្ធ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ដែលបានធ្វើឱ្យមាន គោលនយោបាយសុខដុមនីយកម្ម លើគ្រប់ជាតិសាសន៍សាសនា។ បងប្អូនទាំងអស់គ្នាប្តេជ្ញា នៅតែបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ដែលជាបេក្ខជននាយករដ្ឋមន្ត្រី នៅអាណត្តិខាងមុខ និងសូមគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត៕