(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការកោត​សរសើរ​​ចំពោះទឹកចិត្ត និងភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ទទូចសូម​ការ​សណ្តោសប្រណីពីសម្តេច ហើយមិនរត់ទៅពឹងបរទេសឱ្យជួយស្វាមីរបស់ខ្លួន។

បន្ទាប់ពីស្វាមីបានត្រឡប់មកដល់ផ្ទះវិញ អ្នកស្រី សុផាត មករា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ក្តីមេត្តាសណ្តោសប្រណីចំពោះស្វាមីរបស់ខ្លួន។

អ្នកស្រី សុផាត មករា បានសរសេររៀបរាប់ដូច្នេះ «សូមគោរពសម្តេចពុកជាទីគោរព​ ប្តីរបស់កូនបានមកដល់ផ្ទះវិញហេីយ។​ ពេលនេះ​ គាត់បានជួបកូនៗគាត់វិញហេីយ​ កូនសូមក្រាបថ្វាយបង្គំ​ថ្លែងអំណរគុណ​ ដល់សម្តេចពុក​ ដែលលោកបានសណ្តោសប្រណី​ អាណិតអាសូរដល់គ្រួសារដ៏កម្សត់មួយនេះ​ កូនស្រីនិ ង​ក្រុមគ្រួសារទាំងអស់​ សូមថ្លែង​អំណរគុណ​ដល់​ សម្តេច​ពុក​ និង​ សូមជូនពរសម្តេចពុក​ ទទួលបានសុខភាពល្អ​ រឹងមាំ​ គង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ»។

តបនៅក្នុងសារនោះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា លោក យឹម ស៊ីណន ពិតជាសំណាងណាស់ ដែលមានភរិយាដ៏ល្អ។ សម្តេចតេជោ ក៏បានសរសើរភរិយារបស់លោក ស៊ីណន ថា ពេលស្វាមីមានបញ្ហាផ្លូវច្បាប់ គឺមិនបានស្រែករកនរណាជួយក្រៅពីរកសម្តេច។ ជាពិសេសមិនបានរត់រកបរទេស ដាក់គំនៀបរាជរដ្ឋាភិបាល ជាថ្នូរនឹងសេរីភាពរបស់ស្វាមី។

សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «សុីណន កូនពិតជាមានសំណាងណាស់ដែ លមានភរិយាដ៏ល្អ។ ពេលកូនមានបញ្ហាខាងផ្លូវច្បាប់កូនស្រីមិនបានស្រែករកនរណា
ជួយក្រៅពីស្រែករកសម្តេចពុកជួយនោះឡើយ»។

សម្តេចតេជោ បានបន្ថែមថា «ពុកជាមនុស្សចិត្តរឹងជាមួយមនុស្សអាក្រក់ តែក៏ជាមនុស្ស​ចិត្តទន់ជាមួយមនុស្សល្អ។ ជាសំណាងកូន (ស៊ីណន) ហើយ ដែល​ភរិយាកូនមិនបានទៅពឹងជនបរទេស ឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងឱ្យមក
គៀប​សង្កត់រាជរដ្ឋាភិបាល ដើម្បីដោះលែងកូន។ ពុកជាមនុស្សក្បាលរឹង ជាមួយការ គៀបសង្កត់ពីបរទេស។ កាន់តែសង្កត់អ្នកជាប់ទោស ឬពិរុទ្ធជនជាប់គុក ឬជាប់ឃុំកាន់ តែយូរ។ គេត្រូវចងចាំលើចំណុចនេះ»

សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំពោរពេញដោយចិត្តមេត្តា និងសណ្តោសប្រណី បានរៀបរាប់ទៀតថា «ផ្ទុយពីអ្នកដទៃ ភរិយាកូននឹកឃើញមុនគេ គឺសុំឱ្យពុកជួយ ដូចនេះពេលឃើញភរិយាកូនបង្ហោះតាម Facebook និងឃើញកូន​ទទួល​ស្គាល់កំហុស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខិតខំសម្របសម្រួលជាមួយតុលាការ
ដើម្បីឱ្យកូនបានចាកចេញទៅជួបប្រពន្ធកូនវិញ។ ចាត់ទុកជាសុបិនអាក្រក់ និងរំដោះ
គ្រោះក្នុងឆ្នាំចាស់ ដើម្បីសេចក្តីសុខ និងសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មីនាពេលដ៏ខ្លីខាងមុខ»។

ក្នុងសំណេរនោះ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោក ស៊ីណន និងភរិយា ព្រមទាំងកូនៗ បានជួបតែសេចក្តីសុខសេចក្តីចម្រើន។

សម្តេចតេជោ ក៏បានផ្តាំទៅពួកព្រូសក្រៅរបងផ្ទះ បើចង់ឱ្យមនុស្សជាប់ទោសបានយូរ
និងគ្មានការយោគយល់ពីសម្តេចនោះ សុំជេរសម្តេច ឱ្យបានច្រើនបន្តិច.

ភ្លាមៗនោះ អ្នកស្រី សុផាត មករា បានតបទៅសម្តេចតេជោវិញថា «សម្តេច​ពុក​ជាទីគោរព​ កូនពិតជារំភេីបណាស់ដែលពុក​ ផ្ញេីរសារមកកូន កូនពិតជាមានសំណាងណាស់​ ដែលលោកពុកបារម្ភ​ពីកូន​។ មានតែលោកពុកម្នាក់គាត់​ ដែលអាចជួយប្តីកូនមកជូនកូនៗគាត់វិញ​ កូ​នស្រីម្នាក់នេះ​ សូមថ្លែង​អំណរគុណសម្តេចពុក​»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះ លោក យឹម ស៊ីណន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ថា ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងញុះញង់បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ការចោទប្រកាន់នេះ ក្រោយពេលលោក យឹម ស៊ីណន ចេញសារមួយពាក់ព័ន្ធនឹងព្រះមហាក្សត្រខ្មែរ។ តែនៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ តុលាការបានបង្គាប់ឱ្យដោះលែងវិញ ក្រោយពេលលោកទទួលស្គាល់កំហុស និងបានទូលថ្វាយសូមព្រះរាជទានទោសពីព្រះមហាក្សត្រ៕