(សៀមរាប)៖ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ មានភ្លៀងលាយលំជាមួយខ្យល់កន្ដ្រាក់យ៉ាងខ្លាំង បណ្ដាលឲ្យរលំស្លាកប៉ានណូ និងរោងពិពរណ៍កម្មវិធីទិវាប្បធម៌ នៅសួនមុខព្រះរាជដំណាក់ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យរងការខូចខាត។

សេចក្ដីរាយការណ៍បឋមពីខេត្តសៀមរាប បានឲ្យដឹងថា ក្រៅពីបំផ្លាញនូវរោងពិពរណ៍ហើយនោះ ក៏មានការរលំស្លាកប៉ានណូកាត់ទទឺងផ្លូវផងដែរ បណ្ដាលឲ្យត្រូវរថយន្ដ និងម៉ូតូរបស់អ្នកធ្វើដំណើរជាច្រើនគ្រឿង។ បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍រលំស្លាកប៉ានណូនេះ ក៏មានបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់ផងដែរ។

សូមរំលឹកថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមីនាម្សិលមិញ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖

* ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។
* ពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)៕