(កណ្ដាល)៖ មជ្ឈមណ្ឌល KOPIA បានធ្វើការរៀបចំ និងជួយឧបត្ថម្ភគាំទ្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការបំពេញកម្មសិក្សា ដល់កន្លែងស្រាវជ្រាវកសិកម្មផ្ទាល់តែម្តង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ កម្មវិធីថ្ងៃនេះ គឺជាផ្នែកមួយ នៃការអនុវត្តន៍ផែនការសកម្មភាព នៃការចុះអនុស្សរណៈយោគយល់ រវាងមជ្ឈមណ្ឌល KOPIA និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម កន្លងទៅកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

ដោយមានការជួយជ្រោមជ្រែងពីមជ្ឈមណ្ឌល KOPIA សិស្សនិសិត្សចំនួន៥០នាក់ និងបានធ្វើការចុះផ្ទាល់ ដល់កន្លែងស្រាវជ្រាវដំណាំពោត ដោយមានការពន្យល់បង្ហាញដោយផ្ទាល់ ពីមន្រ្តីអនុវត្តន៍គម្រោង លើការងារបង្កាត់ពូជពោត និងផលិតកម្មគ្រាប់ពូជ ព្រមទាំងធ្វើការសាកសួរព័ត៌មានផ្សេងៗ ពីសំណាក់សិស្សនិស្សិតផងដែរ។

កម្មវិធីនេះ ចាប់ផ្តើមដោយការមានមតិសំណេះសំណាលស្វាគមន៍ ពីលោក បណ្ឌិត Song Young-Ju នាយកនៃមជ្ឈមណ្ឌល KOPIA ទៅកាន់សិស្សនិស្សិត និងមានការពន្យល់អំពីប្រវត្តិ និងសមិទ្ធផល នៃគម្រោងពោតអ៊ីប្រ៊ីតកម្ពុជា ដោយលោក សួន ដារ៉ារិទ្ធ មន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្ម និងមានលោក នៅ ថុង អ្នកបង្កាត់ពូជ និងជាមន្រ្តី នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការបកស្រាយលម្អិត ទាក់ទងជាមួយនឹងការងារបង្កាត់ពូជពោតអ៊ីប្រ៊ីតនៅកម្ពុជា។

សិស្សនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបរាប់ថា កន្លងមកពួកគាត់បានសិក្សា ពីដំណើរការនៃការបង្កាត់ពូជ និងដំណើរការនៃការផលិតគ្រាប់ពូជ ពួកគាត់បានទទួលត្រឹមតែទ្រឹស្តី នៅក្នុងសាលាតែប៉ុណ្ណោះ ប៉ុន្តែតាមរយៈកម្មសិក្សានៅក្នុងថ្ងៃនេះ ពួកគាត់បានមើលផ្ទាល់ដល់កន្លែងស្រាវជ្រាវ ដែលពិតជាមានសារៈសំខាន់យ៉ាងច្រើន ឆ្លើយតបដល់ការសិក្សាជាក់ស្តែង។

សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោកបណ្ឌិត ជាង ហុង អ្នកដឹកនាំនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានធ្វើការថ្លែងអំណរគុណ ដល់មជ្ឈមណ្ឌល KOPIA ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់សិស្សនិស្សិត មកធ្វើការទស្សនកិច្ចសិក្សា ដល់កន្លែងស្រាវជ្រាវ និងផ្តល់ការអប់រំជាក់ស្តែង។ លោកបានបន្ថែមថា ការជួយគាំទ្រនេះ ពិតជាជួយដល់ដំណើរការសិក្សារបស់សិស្សនិស្សិតផងដែរ។

លោកបណ្ឌិត Song Young-Ju បានថ្លែងថា លោកគ្រោងនឹងបន្តផ្តល់ឱកាស ក្នុងការគាំទ្របែបនេះបន្ថែមទៀត នៅថ្ងៃខាងមុខចំពោះសិស្សនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការចុះកម្មសិក្សាផ្ទាល់ ដល់កន្លែងស្រាវជ្រាវដំណាំបន្លែផងដែរ។

កម្មវិធីនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីអនុវត្តន៍សកម្មភាព នៃការចុះអនុស្សរណៈយោគយល់រវាងមជ្ឈមណ្ឌល KOPIA និងសាកលវិទ្យាល័យភូមិន្ទកសិកម្មថា ពិតជាបានអនុវត្ត យ៉ាងពិតប្រាកដមែន ហើយវានឹងក្លាយជាជំនួយមួយដ៏ល្អ ក្នុងការបណ្តុះធនធានមនុស្ស ដើម្បីដឹកនាំវិស័យកសិកម្មរបស់កម្ពុជា ឲ្យកាន់តែរីកចម្រើននាពេលអនាគត៕