(ភ្នំពេញ)៖ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាអ្នកការពាររដ្ឋធម្មនុញ្ញ និងលើកកម្ពស់នីតិរដ្ឋពិតប្រាកដ។

តាមរយៈ Facebook លោកបានរំលឹកអំពីការសម្រេច និងការអារកាត់ជាយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ក្នុងស្ថានភាពវឹកវរចលាចលក្នុងសង្គមកម្ពុជាកន្លងមក ធ្វើឱ្យកម្ពុជាចៀសផុតពីស្រមោលអតីតកាលនៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃដែលប្រជាពលរដ្ឋកម្ពុជាមិនចង់ឃើញតទៅទៀតនៅក្នុងសង្គមជាតិមួយនេះ។

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បន្តថា ព្រឹត្តិការណ៍ផ្ទុះអាវុធក្នុងឆ្នាំ១៩៩៧ ក្តី ឬព្រឹត្តិការណ៍បាតុកម្មក្នុងឆ្នាំ ២០១៣ ក្តី និងសកម្មភាពជ្រុលនិយមរបស់គណបក្សនយោបាយមួយចំនួននាពេលថ្មីៗនេះក្តី សុទ្ធតែស្ថិតនៅលើមាត់ជ្រោះនៃសោកនាដកម្មសង្គមជាតិ ដែលក្នុងស្ថានភាពនោះ ជាអាទិ៍ក្នុងឆ្នាំ២០១៣ ក្រុមមនុស្សមួយក្តាប់តូចបានអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ ដោយបានប្រើប្រាស់សិទ្ធិហួសព្រំដែនកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ក្នុងរូបភាពសេរីភាពដាច់បង្ហៀរក្រៅសំណាញ់ច្បាប់ ដោយឆ្លៀតឱកាសបន្លំចូលទៅគាស់ឆក់ប្លន់លួច ទ្រព្យសម្បត្តិ វត្ថុមានតម្លៃផ្សេងៗតាមហាង តាមផ្សារតូចធំ តាមផ្សារទំនើបនានា រំលោភចូលកាន់កាប់ទីតាំងរោងចក្រ សហគ្រាសឯកជន និងរំលោកចូលបោះទីតាំងក្នុងបរិវេណទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ បង្កឱ្យមានភាពភ័យខ្លាច និងរន្ធត់ ដោយបញ្ឆេះកំហឹងវណ្ណៈ ញុះញង់ឱ្យមានអំពើហិង្សាសង្គម ញុះញង់ឱ្យស្អប់ស្ពើមអ្នកមានទ្រព្យសម្បត្តិ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់ ពោលគឺរំខានដល់សេចក្តីសុខនិងសន្តិភាពរបស់ប្រជាពលរដ្ឋដែលកំពុងមានលើទឹកដីដ៏ពិសិដ្ឋមួយនេះ។

បើតាមអ្នកនាំពាក្យ ក្នុងស្ថានភាព និងសភាពការណ៍បែបនេះ ប្រសិនបើថ្នាក់ដឹកនាំ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី ពុំមានទស្សនៈវែងឆ្ងាយ និងបទពិសោធន៍គ្រប់គ្រាន់ ជាពិសេសតម្កល់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធំក្នុងការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវនោះទេ នោះវាសនារបស់ប្រជាពលរដ្ឋកម្ពុជារហូតមកទល់ពេលនេះ នឹងវិលទៅរកអតីកាលនៃវិនាសកម្មដ៏ធ្ងន់ធ្ងរជាងពេលណាៗទាំងអស់។ រូបភាពដែលក្រុមប្រជាធិបតេយ្យក្លែងក្លាយបង្កើតឡើងនាពេលនោះ គឺក្នុងគោលដៅឱ្យកម្ពុជាធ្លាក់រណ្តៅនៃការបែកចែកឡើងវិញទាំងវណ្ណៈសង្គម ទាំងការបែងចែកឡើងវិញនូវទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋដែលធ្លាប់មានពីមុន ដោយពួកប្រជាធិបតេយ្យក្លែងក្លាយចង់ដកហូតពីកម្លាំងញើសឈាមអ្នកឧស្សាហ៍ព្យាយាមខិតខំរកស៊ី ទៅឱ្យក្រុមបក្សពួកគេ មិនខុសអីពីរបបខ្មែរក្រហមឡើយ និងចេតនាមួយទៀតគឺផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ដោយពួកគេសុខចិត្តលុតជង្គង់ក្រាបក្បាលឱ្យបរទេសជាន់ដោយសុំឱ្យបរទេសដាក់ទណ្ឌកម្មលើប្រជាពលរដ្ឋកម្ពុជា និងឈានទៅបំផ្លាញកម្ពុជាដូចករណីប្រទេស សីរី លីប៊ី យ៉ែម៉ែន និងអ៉ីរ៉ាក់ ដើម្បីតែមហិច្ចតាអំណាចនៃក្រុមបក្សពួកខ្លួនប៉ុណ្ណោះ។

លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាចង់បន្តថែរក្សាសន្តិភាពបច្ចុប្បន្ន។ ប្រជាពលរដ្ឋកម្ពុជា ឆ្អែតឆ្អន់ហើយការបែកបាក់សង្គមនិងសង្រ្គាម។ បើគ្មានចំណាត់ការដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន គឺគ្មានសន្តិភាព និងការអភិវឌ្ឍដូចពេលនេះនោះទេ។ សូមឱ្យស្ថាបនិកសន្តិភាពមួយនេះ បន្តដឹកនាំនាវាកម្ពុជា ហើយប្រជាពលរដ្ឋគ្រប់រូបបាននិងកំពុងបន្តផ្តល់ជំនឿជឿជាក់ពេញលេញជូនសម្តេចតេជោ ជានិមិត្តរូបនៃសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ៕