(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានថ្នាំញៀន៣កញ្ចប់ នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅក្រោយព្រះវិហាឥស្លាម  ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៥ ខែកក្កដានេះថា «ក្រោយកម្លាំងសមត្ថកិច្ចយើង ធ្វើការស្រាវជ្រាវរហូតប្រមាញ់បានជនសង្ស័យម្នាក់ និងដកហូតបានវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនអាយ ៣កញ្ចប់ ទូរស័ព្ទ១គ្រឿង ដែកកេះ ១ និងកាបូបលុយ១»។ លោកបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ណាត ពិសិដ្ឋ អាយុ២៣ រស់នៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទាំងអស់ ទៅកាន់ស្នងការនគបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕