(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលបច្ចេកទេស Samsung Tech Institute ជំនាន់ទី៣ នៅក្នុងវិទ្យាស្ថាន ជាតិពហុបច្ចេកទេសកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីនិស្សិតជំនាញ បច្ចេកទេស ខណៈពេលដែលក្រុមហ៊ុន Samsung កំពុងតែខិតខំចំណាយ​ធនធាន បន្ថែមទៀតចំពោះកម្មវិធីនេះ។

លោកសាស្រ្តាចារ្យ ស្រី ភារុណ ដែលជាអ្នកសម្របសម្រួល ថ្នាក់បរិក្ខារម៉ាស៊ីនត្រជាក់ បានឲ្យដឹងថា៖ វគ្គបណ្តុះបណ្តាលនេះទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិសិ្សត ដែល​កំពុងសិក្សានៅក្នុងវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ព្រោះសិក្ខាកាមអាចសិក្សាទាំង​ទ្រឹស្តី និងការអនុវត្តជាមួយនឹងគ្រឿងបរិក្ខារអេឡិកត្រូនិកទំនើបៗរបស់ Samsung។ ជាពិសេសនិស្សិត ដែលបញ្ចប់វគ្គនេះ ក៏ងាយស្រួលនឹងទទួលបានការងារ ជាងនិស្សិតផ្សេង​ទៀតផងដែរ។

រយៈពេលជាង ២ឆ្នាំបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤  មាននិស្សិត ប្រមាណជាង ១០០នាក់ ដែលបានសិក្សា ក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងចំណោមន និស្សិតជាង១០នាក់ បានទទួលការងារ ដ៏សមរម្យនៅក្រុមហ៊ុន Samsung ក្នុង​ទីក្រុងភ្នំពេញ  ហើយមាននិស្សិត ជាច្រើននាក់ទៀត ដែលបានចេញទៅបម្រើការងារ នៅតាមស្ថាប័នឯកជនផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅ ប្រទេស។

លោក រ៉ាត ឌីណា និស្សិតឆ្នាំទី៤ ផ្នែកអេឡិកត្រូនិក ដែលកំពុងរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ បានឲ្យដឹងថា៖ ខ្ញុំពិតជាមានមោទនភាពបំផុត ដែលបានចូលរៀនក្នុងវគ្គមួយនេះ។ មិត្តភក្តិខ្ញុំជា ច្រើនបានសរសើរខ្ញុំដែល បានចូលរៀនក្នុងវគ្គមួយនេះ ព្រោះចំនួននិស្សិត​ដែលអាចចូលរៀនបានគឺ មានកំណត់។

សម្រាប់វគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី៣នេះ ក្រុមហ៊ុន​Samsung បានចំណាយធនធានបន្ថែមទៀត ដោយជ្រើសរើសនិស្សិតច្រើនជាងមុន រហូត​ដល់ទៅ ៨០នាក់ ឲ្យចូលរួមសិក្សា។

Samsung មិនត្រឹមតែជាក្រុមហ៊ុនឈានមុខគេ នូវផលិតផលទូរស័ព្ទទំនើប និងគ្រឿងបរិក្ខារអេឡិកត្រូនិកដ៏សម្បូរបែប​ប្រកប ដោយគុណភាពខ្ពស់នៅក្នុងទីផ្សារ ប្រទេសកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុន Samsung ក៏បានចូលរួមចំណែក បើកវគ្គបណ្តុះបណ្តាល Samsung Tech Institute ដែលជាវគ្គបណ្តុះបណ្តាល បច្ចេកទេសដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជាក្រោមការឧបត្ថម្ភ និងរៀបចំឡើងដោយ ក្រុមហ៊ុន Samsung​​​​​​ និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ គុណភាពធនធានមនុស្សនៅក្នុង ប្រទេសកម្ពុជា។

លោក ជី ជូឡុង ដែលជានិសិ្សតឆ្នាំទី២ ផ្នែកបរិក្ខារម៉ាស៊ីនត្រជាក់ បានឲ្យដឹងថា៖ ខ្ញុំបាន​បដិសេធ ការងាររបស់ក្រុមហ៊ុនផ្សេងទៀត ដើម្បីបានចូលរៀនក្នុងវគ្គមួយនេះ ព្រោះសិស្ស​ច្បងមុនៗ បាននិយាយថា វគ្គបណ្តុះបណ្តាលនេះ ផ្តល់សារៈប្រយោជន៍ល្អសម្រាប់អ្នក​ដែល ចង់អភិវឌ្ឍចំណេះដឹងផ្នែកបច្ចេកទេស របស់ខ្លួនឲ្យទាន់សម័យកាល។

វគ្គបណ្តុះបណ្តាលបច្ចេកទេស Samsung Tech Institute ជំនាន់ទី៣ មានរយៈពេល ៤ខែ គឺចាប់តាំងពី ពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០១៦។ សិក្ខាកាមត្រូវបាន បង្រៀនទាំងទ្រឹស្តី និងការអនុវត្តន៍ជាមួយសម្ភារៈ អេឡិកត្រូនិក​របស់​Samsung ដែលរួមមានដូចជា៖ ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ថេបប្លេត ទូរស័ព្ទដៃ និងម៉ាស៊ីនត្រជាក់ជាដើម៕