(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានទទួលជួបពិភាក្សា ការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយដោយលោក Alexander Feldman នៅទីស្តីការក្រសួង។

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន បានលើកឡើងថា គោលបំណងរបស់នៃដំណើរទស្សនកិច្ច របស់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន មកកាន់កម្ពុជាក្នុងពេលនេះ គឺដើម្បីស្វែងយល់អំពីបញ្ហាប្រឈមរបស់កម្ពុជា នៅក្នុងការអនុវត្តសហគមន៍ សេដ្ឋកិច្ច អាស៊ាន (AEC) និងជំរុញការចូលរួមរបស់វិស័យឯកជន នៅក្នុងការកាត់តែងគោលនយោបាយ។ គណៈប្រតិភូក៏បានលើកឡើងផងដែរ អំពីសារៈសំខាន់ នៃការរៀបចំកិច្ចព្រមព្រៀងស្តីពីការជំរុញ ការវិនិយោគទេ្វភាគីរវាង កម្ពុជា-អាមេរិក នៅក្នុងការទាក់ទាញការវិនិយោគ ផ្ទាល់ពីអាមេរិកបន្ថែមទៀត។

លោក វង្សី វិស្សុត បានថ្លែងថា តួនាទីរបស់សហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ ទាំងសម្រាប់តំបន់ និងទាំងសម្រាប់កម្ពុជា។
សហរដ្ឋអាមេរិក គឺជាដៃគូយុទ្ធសាស្រ្ត និងជាប្រភពទុនវិនិយោគដ៏សំខាន់មួយសម្រាប់តំបន់។ សម្រាប់កម្ពុជាវិញ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំទី២ របស់កម្ពុជាបន្ទាប់ពីសហគមន៍អឺរ៉ុប ហើយក៏ជាទីផ្សារទេសចរណ៍លំដាប់ទី៦ របស់កម្ពុជាផងដែរ ក្នុងខណៈ ដែលការវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិក មកកាន់កម្ពុជា ក៏មានការកើនឡើងយ៉ាងលឿនទេ្វដង ចាប់តាំងពីឆ្នាំ២០០៨មក។ ប្រការនេះ គឺជាការបញ្ចាំងឱ្យឃើញពីសារៈសំខាន់នៃទំនាក់ទងវិនិយោគ ធរុកិច្ច និងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិកជាមួយតំបន់អាស៊ានក៏ដូចជា មួយប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តីស្តីទី ក៏បានបន្តលើកឡើងផងដែរថា ទៅទៅថ្ងៃមុខ ភាពជាដៃគូកិច្ចសហប្រតិបតិការ និងទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិកជាមួយនឹងអាស៊ាន ក៏ដូចជាមួយកម្ពុជា គឺនៅមានសក្តានុពលច្រើនថែមទៀត។ សហរដ្ឋអាមេរិកមានឧត្តមភាព ខាងផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ និងហិរញ្ញវត្ថុ ។ កម្ពុជាសំបូរកម្លាំងពលកម្មវ័យក្មេង ជាទីតាំងយុទ្ធសាស្រ្ត និងមានសក្តានុពលច្រើន សម្រាប់កំណើន។ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ សក្តានុពលទាំងនេះនៅមានគម្លាត ឬមិនទាន់បានប្រើប្រាស់ឱ្យអស់សក្តានុពលរបស់ វានៅឡើយ។ ដូច្នេះយើងនៅសេសសល់សក្តានុពលច្រើននៅឡើយ ទាំងនៅក្នុងទំនាក់ទំនងនៅក្នុងក្របខ័ណ្ឌរវាងសហរដ្ឋអាមេរិក ជាមួយអាស៊ាន ទាំងនៅក្នុងទំនាក់ទំនងនៅក្នុងក្របខ័ណ្ឌទេ្វភាគីរវាងសហរដ្ឋអាមេរិកជាមួយកម្ពុជា។

បន្ទាប់មកខាងភាគីកម្ពុជា ក៏បានធ្វើការឆ្លើយតបទៅនឹងសំណួរ ក៏ដូចជាការលើកឡើងផ្សេងៗរបស់ក្រុមហ៊ុន ConocoPhilops, GE, VISA, Ford, Coco Cola ពាក់ព័ន្ធបញ្ហាមួយចំនួន ដូចជា ការកសាងហេដ្ឋរចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការអនុវត្តការទូទាត់តាម ប្រព័ន្ធអេឡិចត្រូនិច, ឧស្សាហកម្មវិស័យអាកាសចរណ៍ស៊ីវិល, ការវាយតម្លៃពន្ធគយ និងការនាំចូលរថយន្ត, ការពង្រឹងការបង្កា និងបង្រ្កាបអំពើរត់ពន្ធ និងការពង្រឹងអនុលោមភាពពន្ធដារជាដើម។ ភាគីកម្ពុជាក៏បានលើកឡើងផងដែរ អំពីការខិតខំនិងការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងដោះស្រាយនូវសំណូមពរផ្សេងៗខាងលើ ដោយភ្ជាប់ការគិតគូរទៅនឹងក្របខ័ណ្ឌច្បាប់ គោលនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិធានពាណិជ្ជកម្មដែលកម្ពុជាមានកតាព្វកិច្ចអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀង ទន្ទឹមនឹងការខិតខំធានាឱ្យមាននូវបរិកាសវិនិយោគអនុគ្រោះ និងផ្តល់ប្រព្រឹត្តកម្មដោយស្មើភាពដល់ក្រុមហ៊ុនទាំងអស់៕