(ម៉ូស្គូ)៖ វិមានគ្រីមឡាំង (Kremlin) របស់រុស្ស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការសម្រេចរបស់គណៈកម្មាធិការ អន្តរជាតិ IOC ក្នុងការអនុញ្ញាតឲ្យអត្តពលិកគ្រប់ប្រភេទកីឡារុស្ស៊ី ចូលរួមប្រកួត​កីឡាអូឡាំពិក រដូវក្តៅ Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល នាខែក្រោយនេះ។

សារព័ត៌មាន Reuters បានដកស្រង់សំដីរបស់អ្នកនាំពាក្យវិមានគ្រីមឡាំង លោក Dmitry Pesko ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃចន្ទ ទី២៥ ខែកក្កដានេះឲ្យដឹងថា «ជាការពិត​ណាស់ យើងសូមស្វាគមន៍ចំពោះការសម្រេចរបស់ IOC ក្នុងការអនុញ្ញាតឲ្យអត្តពលិករុស្ស៊ីគ្រប់រូប ចូលរួម Rio 2016 នាខែក្រោយនេះ ដែលយើងចាត់ទុកថា នេះជាការសម្រេចដោយភាពវិជ្ជមាន និងត្រឹមត្រូវ»។

ការចេញសេចក្តីថ្លែងការណ៍គាំទ្រនេះដែរ គឺត្រូវបានធ្វើឡើងតែរយៈពេល ១ថ្ងៃ ក្រោយពេល IOC បានសម្រេចធ្វើការ ប្រឆាំងទៅនឹងការមិនឲ្យអត្តពលិករុស្ស៊ី ចូលរួមប្រកួត Rio 2016 និងសូមឲ្យពន្យារ​ការព្យួរជើងអត្តពលិករុស្ស៊ីមួយអន្លើសិន ដែលជាការរកឃើញដោយភ្នាក់ងារប្រយុទ្ធប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡា WADA ដែលបានរកឃើញ ថា អត្តពលិករុស្ស៊ី មានការជាប់ពាក់ព័ន្ធ​នឹងការលួចប្រើ​សារធាតុហាមឃាត់ ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងារ 2014 Olympics ក្នុងទីក្រុង Sochi នៃប្រទេសរុស្ស៊ី កាលពី២ឆ្នាំមុន៕