(ពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តពោធិ៍សាត់ សហការជាមួយសហគមន៍នេសាទ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ បានចុះបង្ក្រាប និងធ្វើការរុះរើ កាប់បំផ្លាញចោល របាំងរាំងសាច់អួន និងបង្គោល២ទីតាំង ផ្សេងគ្នា គឺនៅចំណុចបឹងផ្សោត ស្ថិតក្នុងភូមិដីរនាម ឃុំមេទឹក និងចំណុចក្បាលកោះ ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការបង្ក្រាប​នេះ ​កម្លាំងចម្រុះបានដុតបំផ្លាញចោល​ របាំងរាំងសាច់អួន​២កន្លែង មានប្រវែង២៧៥ម៉ែត្រ លូសាច់អួន២គ្រឿង និងបង្គោល៣៧០ដើម ដែលជនល្មើសបានលួចដាក់បង្កប់ បន្លំភ្នែកសមត្ថកិច្ច នៅក្នុងព្រៃជ្រៅ និងព្រែកបឹង ពិបាកក្នុងការធ្វើដំណើររុករក។ មន្ត្រីសង្កាត់រដ្ឋបាលជលផល​ បានឲ្យដឹងថា ការចុះបង្ក្រាបត្រូវធ្វើជាប្រចាំគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់ការដាក់របាំងរាំង កាត់ស្ទាក់ចាប់យកត្រីនៅតាមតំបន់ព្រែកទំនាប ក្នុងរដូវត្រីពងកូន ជាងនេះទៅទៀត គឺដើម្បីការពារព្រៃលិចទឹកឲ្យបានល្អគង់វង្ស ព្រោះជាកន្លែកជម្រកសត្វគ្រប់ប្រភេទរស់នៅ បន្តពូជ ជាពិសេស ការពារនិរន្តរភាពពូជត្រី កាត់បន្ថយភាពក្រីក្រ និងបង្កើតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕