(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលជំនាញ រាជធានីភ្នំពេញ និងនគរបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការចុះទៅត្រួតពិនិត្យ និងចាប់ខ្លួនជនជាតិវៀតណាមចំនួន២១ នាក់ដែលធ្វើការ និងរស់នៅខុសច្បាប់ ស្ថិតនៅភូមិអូណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងថា ក្រោមការសម្របសម្រួល ពីតំណាងអយ្យការលោក សៀង សុខ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅចុះត្រួតពិនិត្យជនបរទេស លួចឆ្លងដែន ស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ក្នុងនោះ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២១នាក់។

លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា «ជនបរទេសទាំងអស់ ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្តនីតិវិធីតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»

លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា ក្រោមការណែនាំពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងរបស់លោក នឹងចុះត្រួតពិនិត្យជាបន្តបន្ទាប់​ សម្រាប់ជនបរទេសទាំងឡាយណា ដែលរស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា៕