(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់អំពីមូលហេតុតាមច្បាប់ ដែលនាំឱ្យមានការហៅ លោក សម រង្ស៉ី ជាទណ្ឌិត សម រង្ស៉ី។

លោកអះអាងថា លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានរងនូវការសម្រេចសាលក្រមជាស្ថាពររបស់តុលាការ ទើបឋានៈនៃបុគ្គលនោះគេអាចហៅត្រឹមទណ្ឌិត។

នៅលើបណ្តាញសង្គម Facebook លោក គឹម សន្តិភាព បានបញ្ជាក់ថា «យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ​ នៃព្រះរាជាណាចក្រកម្ពុជា ឈ្មោះសំគាល់របស់ចារី (អ្នកប្រព្រឹត្តបទល្មើស) ត្រូវបានប្រែប្រួលទៅតាមដំណាក់កាលនៃនីតិវិធី៖

១-ជនសង្ស័យ ឬជនជាប់សង្ស័យ (ដំណាក់កាលនៃការស៊ើបអង្កេត)
២-ជនត្រូវចោទ (ដំណាក់កាលស៊ើបសួរ)
៣-ជនជាប់ចោទ(ដំណាក់កាលជំនុំជម្រះ)
៤-ពិរុទ្ធជន (ដំណាក់កាលក្រោយប្រកាសសាលក្រម ឬសាលដីកា)
៥-ទណ្ឌិត (ដំណាក់កាលសាលក្រម ឬសាលដីកាចូលជាស្ថាពរ)
ហេតុនេះពាក្យ «ទណ្ឌិត សម រង្ស៊ី» គឺសំគាល់ឋានៈ សម រង្ស៊ី តាមផ្លូវច្បាប់! ព្រោះទណ្ឌិតរូបនេះមានសេចក្តីសម្រេចផ្តន្ទាទោសស្ថាពរ​ របស់តុលាការ! ហើយដែលបច្ចុប្បន្នទណ្ឌិតរូបនេះ កំពុងព្យាយាមរត់គេចខ្លួន!»។

លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ ពុំបានទទួលស្គាល់ថា លោកជាទណ្ឌិតទេ។ លោកបានផ្តល់បទសម្ភាសដល់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA នៅសហរដ្ឋអាមេរិកថា អ្នកដែលហៅលោកជាទណ្ឌិត គឺជាអ្នកដែលមានបញ្ហាសសៃប្រសាទ៕