(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ បានបញ្ជូនជនសង្ស័យប្រុសស្រី២នាក់ ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងអាវុធខ្លីចំនួន២ដើម រួមទាំងថ្នាំញៀនមួយចំនួនធំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ក្រោយបើកប្រតិបត្តិការបង្ក្រាបបាន កាលពី៣ថ្ងៃមុន។

ជនសង្ស័យ២នាក់នោះដែលម្នាក់គឺជាស្រីស្នេហ៍ សិស្សថ្នាក់ទី១០ វិទ្យាល័យសន្ធរម៉ុក ត្រូវបានកម្លាំងកងរាជអាវុធហត្ថជំនាញ រាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ខណ្ឌមានជ័យ ចុះបង្ក្រាបកាលពីវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅ Apartmentលេខ៣៧z ផ្លូវ២៦១ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

កិច្ចប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

លោក ប៉ាន់ សុភាព បានឲ្យដឹងថា មុនឈានដល់ការចុះឆែកឆេរនិងឃាត់ខ្លួនរួមទាំងវត្ថុតាងខាងលើ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង៩ទៅ១០យប់ ហើយនាំយកសាកសួរអស់រយ:ពេលជិត២០ម៉ោង ទើបជនសង្ស័យបានឆ្លើយសារភាពពីសម្មភាពជួញដូរគ្រឿងញៀនហើយកម្លាំង ជំនាញស្នើរសុំបទបញ្ជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបជាក់ស្តែងតែម្តង។

ជនសង្ស័យដែលឃាត់ខ្លួនម្នាក់ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ DJ នៅលីកាស៊ី មានស្រុកកំណើតភូមិកន្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងស្រីស្នេហ៍ឈ្មោះ សំ សូនីតា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃអនុវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅក្នុងបូរីលឹមឈៀងហ៊ាក់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតមានរថយន្ត Lexus GS300 ពណ៌ស ស្លាកលេខភ្នំពេញ 2AC-5515 មួយគ្រឿង អាវុធខ្លីចំនួន២ដើម និងគ្រឿងញៀន មួយចំនួនធំ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត៕