(ព្រះវិហារ)៖ ប្រធានផ្នែករដ្ឋបាលព្រៃឈើរវៀង នៃខេត្តព្រះវិហារ បានរងនូវការរិះគន់ និងនិន្ទាពីប្រជាពលរដ្ឋជាម្ចាស់ឈើគ្រឿងផ្ទះចាស់ៗ និងប្រជាពលរដ្ឋដែលដឹងហេតុការណ៏ ថាឃាត់រថយន្ត​ដឹកឈើគ្រឿងផ្ទះចាស់ៗ ដោយសង្ស័យថាមានបង្កប់ឈើប្រណីតថ្មី តែក្រោយពីរកមិនឃើញឈើថ្មី​ ដូចអ្វីដែលខ្លួនសង្ស័យ បែរជាមិនព្រមធ្វើការដោះលែងទៅវិញ ទំនងចង់ទុកអង្គាមក្រែងបានរស់ជាតិ ពីគ្រោងឆ្អឹងឈើចាស់ៗ នេះខ្លះៗហើយមើលទៅ។

ករណីមន្ត្រីមេព្រៃផ្នែករវៀង ឃាត់រថយន្តដឹកឈើគ្រឿងផ្ទះចាស់ៗ ធ្វើការត្រួតពិនិត្យដោយសង្ស័យថា មានបង្កប់ឈើប្រណីតខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ នៅត្រង់ចំណុចភូមិភ្នំដែក ឃុំរមណី ស្រុករវៀងខេត្តព្រះវិហារ។ តាមការឲ្យដឹងពីម្ចាស់ឈើផ្ទះចាស់ៗឈ្មោះ សួន ផៃ អាយុ ៥២ឆ្នាំ រស់នៅភូមិត្រពាំងក្តុល ឃុំ ត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានឲ្យដឹងថា លោកបានទិញផ្ទះពីប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន២ខ្នងតូចៗ ដូចឃើញមានក្នុងរូបថតស្រាប់ ក្នុងតំលៃជាង១០លានរៀលនិង តំលៃឈ្នួលដឹកពីឃុំស្រអែម ទៅដល់ស្រុកបន្ទាយមាស ខេត្តកំពតថ្លៃ៩០០ដុល្លារដើម្បីយកទៅ ធ្វើផ្ទះឡើងវិញ ព្រោះទិញគ្រឿងផ្ទះចាស់ធូរថ្លៃជាងទិញឈើ ថ្មីធ្វើនៅពេលដែលខ្លួន មិនសូវសំបូរលុយ តែចង់បានផ្ទះឈើធំនៅនឹងគេ។

លុះពេលសុំច្បាប់ដឹកឈើគ្រឿងផ្ទះចាស់ពីមេភូមិ មេឃុំបានហើយក៏ជួលរថយន្ត ដឹកតាមផ្លូវទៅដល់ភ្នំដែក ស្រាប់តែមេព្រៃឃាត់រថយន្ត នឹងឈើទុកអស់រយះពេល ៤ថ្ងៃមកហើយដោយពុំ ព្រមដោះស្រាយដោយគ្មានមូលហេតុ ច្បាស់លាស់ទោះជាខ្លួនមានច្បាប់ដឹកជញ្ជូន និងមេព្រៃឆែករកមិនឃើញ ឈើប្រណីតដូចការសង្ស័យរបស់ខ្លួនក៏ដោយ។

ចំណែកមន្ត្រីមេព្រៃដែលជាអ្នកចាប់បាននិយាយថា ក្រោយឆែកពិតជារកមិនឃើញ មានឈើប្រណីតដូចការសង្ស័យក៏ពិតមែន តែពេលឃាត់ត្រួតពិនិត្យ ម្ចាស់មានការរឹងទទឹងទាល់តែខ្លួន សុំយោបល់ពីព្រះរាជអាជ្ញាទើបអូសយក ទៅកន្លែងធ្វើការត្រួតពិនិត្យបាន ឥឡូវបើចង់លែងវិញទាល់តែមាន ចំណារពីព្រះរាជអាជ្ញាទើបលែងបាន។ ប៉ុន្តែបើតាមអ្នកកាសែត ធ្វើការសួរនាំទៅ ព្រះរាជអាជ្ញាពាក់ព័ន្ធករណីនេះ ត្រូវបានលោកព្រះរាជអាជ្ញារងម្នាក់ ដែលកាន់រឿងនេះអះអាងថា ករណីចាប់គ្រឿងឈើផ្ទះចាស់ៗនេះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានសុំយោបល់ពីលោកមែន តែក្រោយពីសមត្ថកិច្ចពិនិត្យឃើញថា មានឈើផ្ទះចាស់ពិតប្រាកដមែន ហើយមានឈើថ្មី ១៤កន្ទុយសម្រាប់ជួសជុល ការបាក់បែកទើបលោក មានការណែនាំថា បើមានឈើលើសត្រឹមមួយម៉ែត្រគូប សូមឲ្យដោះលែង ហើយប្រគល់ឲ្យម្ចាស់គេវិញទៅសម្រាប់ ការជួសជុលនៃការបាក់បែកប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ ២០១៦ម្សិលមិញ មេព្រៃផ្នែករវៀងនៅតែក្រាញ់ ពុំព្រមដោះលែងឡើយ។

ដោយឡែកពាក់ព័ន្ធការលើកឡើង របស់មេព្រៃថាទាល់តែមានចំណារ របស់ព្រះរាជអាជ្ញាទើបគេព្រមលែង ព្រោះពេលចាប់ខ្លួន បានឆ្លងយោបល់ព្រះរាជអាជ្ញាហើយនោះ ត្រូវបានព្រះរាជអាជ្ញាលើកឡើងថា ពេលចាប់សុំយោបល់ ពេលបញ្ជាឲ្យដោះលែងហេតុអ្វី បានជាមិនព្រមដោះលែង រងចាំចំណារធ្វើអ្វី ចុះកាលដែលចាប់តើ មានចំណារដែរឬអត់? គឺគ្រាន់តែសុំយោបល់ តាមទូរស័ព្ឌទេតើ!។
ម្ចាស់ឈើ និងប្រជាពលរដ្ឋដែលដឹងរឿង បាននាំគ្នាធ្វើការរិះគន់មន្ត្រីមេព្រៃផ្នែករវៀង ជាពិសេសលោក ស៊ុ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង តែម្ដងថាចាប់បានតែឈើគ្រឿងផ្ទះចាស់ៗ ដែលម្ចាស់មានច្បាប់ មិនព្រមបង់លុយអោយតែប៉ុណ្ណោះ។ចំណែកឈ្មួញគ្រាក់ៗ រកស៊ីដឹកឈើប្រណីត ឈើអត់ច្បាប់ឬឈើដឹកលើសច្បាប់កំណត់ រាប់សិបម៉ែត្រគូបវិញ មិនដែលចាប់បានឡើយ គឺចាប់បានតែលុយ ទាល់តែពេលខ្លះឈ្មួញលួចដឹកមិនបង់លុយ ទើបយូរៗ ចាប់ម្ដងទុកដូចជាការព្រមានកុំអោយ ថ្ងៃក្រោយពូកែលួចដឹកទៀតតែប៉ុណ្ណោះ។

ពាក់់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ អង្គភាពព័ត៏មាន Fresh News មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីមេព្រៃស្រុករវៀងបានឡើយ ព្រោះមិនមានលេខទូរស័ព្ឌ សំរាប់ធ្វើការទាក់ទង ហើយក៏គេនៅមិនទាន់ដឹងថា តើរថយន្តដឹកឈើគ្រឿងផ្ទះចាស់ៗ ខាងលើត្រូវបានដោះលែង ហើយឬនៅដែរ។

ដូចនេះសូមលោកអគ្គនាយក រដ្ឋបាលព្រៃឈើ ឆេង គឹមស៊ុន មេត្តាជួយពិនិត្យមើលផង។ បច្ចុប្បន្នគេដឹងថាឈើគ្រញូង ឈើប្រណីតដែលឈ្មួញ ដឹកចេញពីខេត្តព្រះវិហារ តាមផ្លូវលេខ ៦២ ឆ្ពោះមកខេត្តកំពង់ធំ និងបន្តមកភ្នំពេញឬទៅខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ដើម្បីយកទៅលក់នៅប្រទេសវៀតណាម គឺមិនអាចរំលងពីមេព្រៃផ្នែករវៀងនេះ បានឡើយ ជាពិសេសមេព្រៃ និងសមត្ថកិច្ចផ្សេងៗទៀត ដែលដាក់កុងត្រូលនៅម្ដុំជីអោក ក្បែរព្រំប្រទល់ខេត្តកំពង់ធំតែម្ដង ព្រោះវាជាកន្លែងកដប មិនអាចវាងទៅផ្លូវផ្សេងបានទេ។

ជាក់ស្ដែងបច្ចុប្បន្នគេដឹងថា មានឈ្មួញឈើក្រហមម្នាក់ឈ្មោះវ៉ាង ដែលគេស្គាល់ថាជាមន្ត្រីមេព្រៃដែលនោះ ដេញថ្លៃបានដីព្រៃសម្បទាន នៅក្នុងស្រុករវៀងតូចមួយទេ តែអោយកូនចៅកាប់ឈើ អារដឹកចេញយកមកលក់នៅភ្នំពេញ និងបណ្ដាលខេត្តមួយចំនួនទៀត រាប់ឆ្នាំហើយ កាប់ដឹកមិនចេះអស់ ក្រោមច្បាប់១០០គូប កាត់ស្តុកដឹកម្ដង១០គូប តែឈើជាក់ស្ដែង ៥០ ទៅ ៦០ម៉ែត្រគូបឯណោះ។ ធ្វើជាមេព្រៃគួរតែធ្វើអោយទឹកភ្នែកឈ្មួញឈើហូទាល់តែខ្សោះហើយស្បថឈប់រកស៊ីឈើ ទើបព្រៃឈើនៅសល់ មិនគួរនាំគ្នាទៅធ្វើអោយតែទឹកភ្នែកពលរដ្ឋក្រីក្រហូរមិនចេះឈប់ ព្រោះតែពួកគាត់ដឹកឈើ យកទៅធ្វើផ្ទះខ្លួនឯងបែបនេះទេ៕