(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ បានចេញមកបញ្ជាក់យ៉ាងលម្អិត ពីប្រតិបត្តិការ របស់កងកម្លាំងនគរបាល​ ពេលដេញតាមចាប់ឃាតក បាញ់សម្លាប់លោកបណ្ឌិត កែម ឡី តាំងពីន្លែងកើតហេតុ ដែលបានធ្វើឡើងយ៉ាងពិតប្រាកដ និងដ៏ក្តៅគគុក ក្រោយមានអំពើឃាតកម្មនេះកើតឡើងភ្លាមៗនោះ។

នាយឧត្តមសេនីយ៍ស្នងការ បានថ្លែងយ៉ាងដូច្នេះ គឺដើម្បីឆ្លើយតបទៅនឹងការរិះគន់ទាំងឡាយតាមបណ្តាញសង្គម Facebook រហូតយកទៅផ្សាយតាមវិទ្យុអាសីុសេរី ដោយលើកឡើងថា ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ គឺហាក់បីដូចជាការរៀបចំផែនការមួយ ពីសំណាក់កងកម្លាំងសមត្ថកិច្ចនគរបាល។ ការដាក់សង្ស័យ និងរិះគន់ដោយគ្មានមូលដ្ឋានបែបនេះ ក៏ព្រោះតែពួកគេ បានបង្ហាញពីសកម្មភាពរបស់នគរបាលដេញចាប់ឃាតក ដែលត្រូវបង្ហាញនៅក្នុង Video ប្រជាពលរដ្ឋថតបាន ហើយបង្ហោះចែកចាយ នោះគឺត្រង់សកម្មភាពមានមន្រ្តីនគរបាលម្នាក់ជិះម៉ូតូធំ ពាក់ស្លាកលេខនគរបាល ពាក់អាវស ពាក់មួកសុវត្ថិភាព ចង់ដឹកជម្លៀសឃាតកពេលដេញទៅជិតដល់ តែកុំប្រជាពលរដ្ឋមកច្រើនឡើង ក៏អនុញ្ញាតឲ្យរត់ទៅមុខទៀត។

ត្រង់សកម្មភាពទាំងនេះ នាយឧត្តមសេនីយ៍ស្នងការ បានរៀបរាប់ថា ក្រោយកើតហេតុភ្លាមៗ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កម្លាំងនគរបាលរបស់លោក បានបញ្ចេញប្រតិបត្តិការ ដោយបោះដៃតាមវិទ្យុទាក់ទងទៅកងកម្លាំងប៉ុស្តិ និងកម្លាំងដែលនៅជិតគោលដៅ ត្រូវចេញស្ទាក់ជាបន្ទាន់តាមចាប់ឃាតក។ ក្រោយពេលប្រកាស និងបោះដៃភ្លាមៗនោះ មាននាយនគរបាលប៉ុស្តិម្នាក់ ដែលពាក់អាវពណ៌ស ពាក់មួកសុវត្ថិភាព បានជិះម៉ូតូដេញតាមពីក្រោយឃាតក ហើយស្រែកឲ្យឈប់។ ពេលស្រែកនោះ ឃាតកបានប្រះខ្លួន មកលើនាយនគរបាលប៉ុស្តិបន្តិច រួចក៏រត់ទៅមុខទៀត។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់បន្ថែមថា ពេលឃាតករត់បានបន្តិចនោះ នគរបាលម្នាក់ដែលកាន់កាំភ្លើង AK បានភ្ជង់ឃាតករហូតទម្លាក់កាំភ្លើងចោល ហើយនគរបាលម្នាក់ទៀតដែលជិះម៉ូតូ បានហក់ទៅធាក់ឲ្យដួល មុនពេលកម្លាំងនគរបាលផ្សេងទៀត បានបើកម៉ូតូទៅកាក់ពីមុខ រហូតចាប់បានតែម្តង។

ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានថា ជាការរៀបចំផែនការរបស់កងកម្លាំងសមត្ថកិច្ចនគរបាលខាងលើនេះ លោកស្នងការ បានចាត់ទុកថា ជារឿងអយុត្តិធម៌ខ្លាំងណាស់ដល់នគរបាលរបស់លោក ដែលបានបញ្ចេញសកម្មភាព ប្រតិបត្តិការដេញចាប់ឃាតករហូតទាល់តែបាននេះ។

នាយឧត្តមសេនីយ៍ស្នងការ បានអំពាវនាវដល់សាធារណ:ជន និងអ្នកនយោបាយមួយចំនួន បញ្ឈប់ការបំពុលករណីនេះតទៅទៀត ដែលអាចនាំឲ្យសង្គមជួបបញ្ហា និងវឹកវរកាន់តែខ្លាំង ក៏ព្រោះតែចង់កេងចំណេញនយោបាយ ដោយទុកឲ្យសមត្ថកិច្ចជំនាញរបស់លោក ជាមួយមន្រ្តីតុលាការធ្វើការករណីនេះ។

ជាមួយគ្នានេះ សម្រាប់សកម្មភាពបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែលត្រូវបានថតជាប់ទាំងស្រុងពី​ Camera នោះ ត្រូវបានលោកស្នងការ អះអាងថា នឹងបង្ហាញជាសាធារណ: នៅពេលបើកសវនាការនាពេលខាងមុខ ពីព្រោះនៅដំណាក់កាលនេះ សមត្ថកិច្ចមិនទាន់អាចបង្ហាញជូននោះ ក៏ព្រោះតែស្ថិតក្រោមការស្រាវជ្រាវនៅឡើយ។

លោកនាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងបុគ្គលណាក៏បាន ឲ្យមានតែភស្តុតាង ឫ Video អ្វីផ្សេងទៀត ដែលចាប់ពីសកម្មភាព នៃអំពើឃាតកម្ម ក៏ដូចជាតាមចាប់ឃាតកនោះ សូមយកទៅប្រគល់ជូនលោក។

សម្រាប់អ្នកសារព័ត៌មានវិញ បើមានចម្ងល់អ្វី ពាក់ព័ន្ធសកម្មភាពនៅក្នុង Video តាមចាប់ឃាតកនោះ អាចតេសួរលោកបាន ដើម្បីធ្វើការបញ្ជាក់ឲ្យបានលម្អិត កុំឲ្យមានការភ័ន្តច្រឡំ និងលើកឡើងផ្តេសផ្តាស់ដោយគ្មានមូលដ្ឋានបែបនេះតទៅទៀត។

ដោយឡែកបក្ខពួកដែលអាចនៅក្រោយពីខ្នង និងជាប់ពាក់ព័ន្ធនៃអំពើឃាតកម្មនេះ នាយឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ថា នៅពេលនេះ កម្លាំងរបស់លោក បាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង លើការស្រាវជ្រាវ។

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់២គ្រាប់បណ្តាលឲ្យស្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពេលលោកកំពុងហូបកាហ្វេ នៅក្នុងស្តារម៉ាត Caltext បូកគោ៕