(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់បានសុំផ្ទះគេស្នាក់នៅ១យប់ ពេលម្ចាស់ផ្ទះមិននៅ ឆ្លៀតឱកាសលួចយកម៉ូតូរបស់ម្ចាស់ផ្ទះ ជិះគេចបាត់តែសំណាងអាក្រក់ ត្រូវអស់សាំងតាមផ្លូវ រួចយកម៉ូតូលាក់ទុកនៅក្នុងព្រៃ ហើយរត់គេចខ្លួនបាត់ ស្រាប់តែមន្ដ្រីអាវុធហត្ថប្រទះឃើញ ក៏យកមករក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ក្រោយមកជនសង្ស័យបានចេញមុខអះអាងថា ជាកម្មសិទ្ធរបស់ខ្លូន ប៉ុន្ដែគ្មានឯកសារបញ្ជាក់ត្រូវអាវុធហត្ថចាប់ខ្លួនតែម្ដង។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការខេត្ត បានឲ្យដឹងថា មន្ដ្រីអាវុធហត្ថស្នាក់ការ សន្តិសុខ៦៦៦ ភ្នំលៀប ស្រុកព្រះនេត្រព្រះ ក៏បានប្រទះឃើញម៉ូតូ១គ្រឿង ដែលគេយកមកប្លុងចោលនៅក្នុងព្រៃ រួចស្រាវជ្រាវរកម្ចាស់លុះនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ ស្រាប់តែជនសង្ស័យបានចេញមុខមកយកម៉ូតូ ដោយអះអាងថាខ្លួនជាម្ចាស់ម៉ូតូ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់នោះទេ ក្រោយមកអាវុធហត្ថក៏បានចាប់ខ្លួនតែម្ដង។

លោកបន្តថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ មានជនរងគ្រោះម្នាក់ ឈ្មោះទិដ្ឋ រដ្ឋ អាយុ៣៧ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្ដឹងថា ខ្លូនបាត់ម៉ូតូ ម៉ាកWave C១១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ1H-4602។

លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ត្រង សង្គម ហៅសង្គោម អាយុ១៩ឆ្នាំ បានសារភាពថា ខ្លូនពិតជាបានលួចម៉ូតូរបស់ឈ្មោះ ទិដ្ឋ រដ្ឋ នេះពិតប្រាកដមែន ក្រោយពីលួចបានហើយ ខ្លួនបានជិះទៅខេត្តកំពង់ធំ លុះជិះមកដល់ចំណុច ឃុំភ្នំលៀប ស្រុកព្រះនេត្រ ម៉ូតូក៏អស់សាំង ហើយអត់មានលុយចាក់សាំង ក៏ទុកម៉ូតូចោលក្នុងព្រៃក្បែរ បង្គោលភ្លើងចុះពីផ្លូវជាតិប្រហែល១០ម៉ែត្រ ហើយបានគេចខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ទៅឲ្យម្ចាស់ដើមវិញហើយ៕