(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បាន​បញ្ជូនខ្លួនជនសង្ស័យជួញ​ដូរគ្រឿងញៀន២នាក់ រួមជាមួយថ្នាំញៀន១៩កញ្ចប់ ទៅតុលាការនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីកម្លាំង​ជំនាញ បានធ្វើការឃាត់ខ្លួន កាលពីម្សិលមិញ នៅត្រង់ចំណុចភូមិ​ជាមន្រ្តីឃុំត្រែង ស្រុករតនមណ្ឌលខេត្ត ខេត្តបាត់ដំបង​។

​មន្រ្តីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា កាលពី​ម៉ោង១៦៖៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ «យើងបានប្រើប្រាស់ភ្នាក់ងារសម្ងាត់ ឲ្យទាក់ទងទិញគ្រឿងញៀនម៉ាទឹកកកពីឈ្មោះ ឈឹម កុសល់ ក្នុងតម្លៃ១០០ដុល្លារ ហើយណាត់ទីតាំងដោះដូរ តាមដងផ្លូវជាតិលេខ៥៧បេ ក្នុងភូមិសាស្រ្តស្រុករតនៈមណ្ឌល​ លុះដល់ម៉ោង១៧៖១៥នាទី យើងបានឃើញមុខសញ្​ញាសង្ស័យម្នាក់​ឈ្មោះ រ៉េត បូរិន្ទ ជិះម៉ូតូ​១គ្រឿង ​ហើយកម្លាំងយើងបានធ្វើការឃាត់ខ្លួនតែម្ដង ដោយឆែករកឃើញ​គ្រឿងញៀនម៉ាទឹកកក​១ កញ្ចប់ មានទម្ងន់១,៧៧ក្រាម ដែលជនសង្ស័យបានលាក់នៅក្នុងខោលីអូ»។  

មន្ដ្រីដដែល បន្ដថា ក្រោយធ្វើការសាកសួរជនសង្ស័យឆ្លើយសារភាពថា គ្រឿងញៀនដែលសមត្ថកិច្ចដកហូតខាងលើ គឺឈ្មោះ ឈឹម កុសល់ បានប្រើខ្លួនយក មកឲ្យអ្នកទិញនៅចំណុចឃាត់​ខ្លួនខាង​លើ។ ក្រោយមកដោយបានការសម្របសម្រួលពីលោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង នៅម៉ោង១៧៖៣០នាទី ​ កម្លាំងអាវុធហត្ថ បានធ្វើការឆែកឆេរ​លំនៅដ្ឋានរបស់ឈ្មោះ ថុក ច្រេន ត្រូវជាម្តាយ របស់ឈ្មោះ ឈឹម កុសល់ ​ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល​ និងរកឃើញគ្រឿងញៀនម៉ាទឹកកក​១៨កញ្ចប់ មានទម្ងន់ ៥,៦៤ក្រាម ទូរស័ព្ទ​៤គ្រឿង ព្រមទាំងម៉ូតូ១​គ្រឿងម៉ាក MSX ​គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០១៤។

បច្ចុប្បន្ន ជនសង្ស័យជាមួយវត្ថុតាង ត្រូវបានមន្រ្តីការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕