(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តចុះប្រមូលជនបរទេស ដើម្បីត្រួតពិនិត្យ​ទៅលើ ឯកសារពាក់ព័ន្ធ នៃការរស់នៅរបស់ពួកគេ ស្ថិតគោលដៅចំនួន២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ជាលទ្ធផលឃាត់ខ្លួន ជនជាតិហ្វីលីពីន២នាក់ និងជនជាតិវៀតណាម១៦នាក់ ដែលរស់​នៅ និងធ្វើការខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ប្រតិបត្តិការនេះដឹកសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលា​ដំបូងរាជ​ធានីភ្នំពេញ ដោយធ្វើការត្រួតពិនិត្យនៃការស្នាក់នៅរបស់ជនបរទេសទាំងនេះ នៅ២ទីតាំងផ្សេង គឺទី១-នៅផ្ទះលេខ៧ ផ្លូវលេខ៥០៨ ស្ថិតនៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយឃាត់ខ្លួន​ជនជាតិហ្វីលីពីនចំនួន ០២នាក់ ស្រី​០១នាក់ពីបទៈ លួចស្នាក់នៅ​ខុសច្បាប់ គ្នានលិខិតឆ្លងដែន និងទី២-ស្ថិតនៅហាងកាហ្វេ NU NU ផ្លូវលេខ៤៧៩ កែងផ្លូវ៩៩ នៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយធ្វើការឃាត់ជនជាតិវៀតណាមចំនួន ១៦នាក់ ស្រីចំនួន០៣នាក់។

 លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេសទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕