(ក្រចេះ)៖ លោក នរ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងឱ្យលោកទេសរដ្ឋមន្ត្រី ហឹុម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចូលរួមប្រារព្ធពិធីស្រោចសុគន្ធវារី ប្រគេនជូនព្រះសិរីសម្ភារ៍ អេង ផល្លា ដែលត្រូវប្រកាសតែងតាំងជាព្រះគ្រូអនុគណស្រុកសំបូរ និងជាព្រះចៅអធិការវត្តវិហារសសរ១០០។

លោក សេង សុមុន្នី អ្នកនាំពាក្យក្រសួងធម្មការ បានឱ្យដឹងថា ពិធីស្រង់ទឹកជូនព្រះអនុគណស្រុក ខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ក្នុងវត្តវិហារសរសរ១០០ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ក្រោមព្រះអធិបតីភាពសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះពោធិវង្ស អំ លឹមហេង ហើយក៏មានវត្តមានរបស់លោកអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ព្រមជាមួយនឹងព្រះសង្ឃ និងមន្ត្រីរាជការជាច្រើនកុះករ ផងដែរ៕