(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់អាមេរិក បានកំពុងនាំមុខគេបណ្តោះអាសន្ន ពីការឈ្នះមេដាយបានច្រើនជាងគេ ក្នុង ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល តាមពីក្រោយដោយអត្តពលិករបស់ចិន គិតត្រឹម ព្រឹកថ្ងៃចន្ទ ទី០៨ ខែសីហានេះ (ម៉ោងនៅកម្ពុជា)។

តាមរយៈគេហទំព័រផ្លូវការរបស់ Rio 2016 បានបង្ហាញក្នុងតារាងថា ក្រោយបើកការប្រកួតកីឡាអូឡាំពិកពិភពលោក នៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល រយៈពេល៣ថ្ងៃមកនេះ ក្រុមអត្តពលិកអាមេរិក ឈ្នះមេដាយបាន ១២គ្រឿងច្រើនជាងគេ ក្នុងនោះមានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង តាមពី ក្រោយដោយអត្តពលិកចិន ឈ្នះមេដាយបាន៨គ្រឿង មាស៣ ប្រាក់២ និងសំរឹទ្ធ ៣គ្រឿង។

សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ មានប្រទេសចំនួន៣០ហើយ ក្នុងចំណោម២០៧ប្រទេសដែលបានបញ្ជូន អត្តពលិកមកចូលរួម Olympic Games 2016 លើកទី៣១នេះ ដោយចំនួនមេដាយសរុប ៨១គ្រឿង (មាស ២៥គ្រឿង, ប្រាក់ ២៦គ្រឿង និងមេដាយសំរឹទ្ធ ៣០គ្រឿង) ក៏បានបំពាក់ជូនអត្តពលិកជយលាភីរួចរាល់ផងដែរ ទៅលើវិញ្ញាសាខ្លះៗដែលបានបញ្ចប់ទៅហើយ ក្នុងចំណោម ៣២០វិញ្ញាសា ពី ២៨ប្រភេទកីឡាដែលបានដាក់ឲ្យ ប្រកួតប្រជែងដណ្តើមយកមេដាយ ដោយពុំទាន់មានកីឡាណាមួយបញ្ចប់នៅឡើយទេ។

អត្តពលិកកម្ពុជា នឹងចាប់ផ្តើមប្រកួតដំបូង វិញ្ញាសាហែលទឹកបែបសេរី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ ដោយ កីឡាករ ពូ សុវិជ្ជា និងវិញ្ញាសាបន្តបន្ទាប់ចាប់ផ្តើមនាពេលក្រោយៗទៀត៕