(អង់ការ៉ា)៖ ទីបំផុតប្រធានាធិបតីតួកគី បានប្រកាសជាផ្លូវការ ទៅកាន់ក្រុមអ្នកគាំទ្ររូបលោកថា លោកនឹងអនុម័តឲ្យមានការយកច្បាប់កាត់ទោសប្រហារជីវិត មកអនុវត្តន៍ឡើងវិញ ប្រសិនបើរដ្ឋសភា និងសាធារណជនបង្ហាញការគាំទ្រលើរឿងនេះព្រមៗគ្នា ចំពោះច្បាប់ដែលត្រូវបានបោះបង់ចោលតាំងពីឆ្នាំ ២០០៤នោះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃចន្ទ​ទី០៨ ខែកក្កដា ឆ្នាំ២០១៦។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើការប្រមូលផ្តុំមួយយ៉ាងធំនៅទីលានកណ្តាលទីក្រុង អ៉ីស្តង់ប៊ុល ដែលត្រូវបានសារព័ត៌មានក្នុងស្រុកអះអាងថាមនុស្សជាង ១លាននាក់បានចូលរួម។ វាជាការប្រមូលលើកដំបូងហើយ បន្ទាប់ពីរដ្ឋប្រហារទទួលបរាជ័យទាំងស្រុងកាលពីថ្ងៃទី១៥-១៦ ខែកក្កដា កន្លងទៅនេះ។

នៅក្នុងឱកាសនោះដែរលោក Erdogan បានប្តេជ្ញាចំពោះមុនក្រុមអ្នកគាំទ្រថា លោកនឹងបោសសម្អាតឲ្យអស់នូវក្រុមអ្នកគាំទ្រមេខ្លោងធ្វើរដ្ឋប្រហារ Fethullah Gulen ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលតួកគីត្រូវបានគេមើលឃើញថា បាននិងកំពុងងាកទៅផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទជាមួយនឹងរុស្ស៊ី ខណៈអាមេរិក និងអឺរ៉ុប ហាក់ប្រែជាអាប់អួរ ក្រោយរដ្ឋប្រហារបរាជ័យ ដែលមានពាក្យចរចាអារ៉ាមថា អាមេរិកជាអ្នក ស្ថិតនៅពីក្រោយខ្នងការព្យាយាមទម្លាក់លោក Erdogan ចេញពីអំណាចនោះ៕