(ពោធិ៍សាត់)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានណែនាំឲ្យថ្នាក់ដឹកនាំមជ្ឈមណ្ឌល កម្ចាត់មីនកម្ពុជាស៊ីម៉ាក់បញ្ជូនកម្លាំង ទៅបោសសំអាតមីន ជាបន្ទាន់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង ណែនាំឲ្យដាក់ផែនការសំអាតមីន នៅក្នុងភូមិសាស្រ្តនេះជាផែនការអាទិភាព។

ការណែនាំបានធ្វើឡើង ក្នុងពេលដែលលោកទេសរដ្ឋមន្រ្តី បានជួបសំណេះសំណាល និង សួរសុខទុក្ខជនរងគ្រោះ ដោយសារមីន និងសំ ណល់ជាតិផ្ទុះពីសង្រ្គាម និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ រួមនិងប្រជាពលរដ្ឋ នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។

លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានស្នើកងកម្លាំងប្រដាប់អាវុធ លោកមេឃុំ និងប្រធានភូមិ ឲ្យលើកយកបញ្ហា នៃគ្រោះថ្នាក់មីន និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម ជាបញ្ហាអាទិភាពរាល់ពេល នៃកិច្ចពិភាប្រជុំរបស់ខ្លួន។

ក្នុងជំនួបសំណេះសំណាលនោះ លោក សេរី កុសល បានណែនាំប្រជាពលរដ្ឋកុំឲ្យលេងប៉ះពាល់ កែច្នៃគ្រាប់ ជាពិសេសកុំភ្ជួររាស់ ឬកាប់ឆ្ការព្រៃធ្វើស្រែចំការនៅតំបន់នោះ ព្រោះដីមិនទាន់បាន បោសសំអាតមីនទាំងស្រុងនៅឡើយទេ។ លោកទេសរដ្ឋមន្រ្តី ស្នើឲ្យប្រជាពលរដ្ឋ ពេលបានឃើញ ឬសង្ស័យថា មានគ្រាប់មីន ឬ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន។

ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ជាអតីតសមរភូមិប្រយុទ្ធដ៏ក្តៅមួយ ក្នុងពេលកម្ពុជាជួបសង្រ្គាម កើតចេញពីជម្លោះរវាងខ្មែរគ្នាឯង ជាហេតុនាំឲ្យគ្រាប់មីនជាច្រើន បានបន្សល់ទុក្ខក្នុងផ្ទៃដី ហើយរហូតមកដល់បច្ចុប្បន្ន គ្រាប់មីនទាំងនេះ នៅតែបន្តធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ ស្លាប់ និងរងរបួសជាបន្តបន្ទាប់។

នៅក្នុងកិច្ចសំណេះសំណាលលោក សេរី កុសល ក៏បានចែកគ្រឿងឧបភោគបរិភោគ ដល់ជនពិការដោយសារមីន ០៥នាក់ រួមមាន៖ អង្ករ ៥បាវ មី ៥កេស ត្រីខ ៥យួរ ទឹកក្រូច ៥កេស ទឹកផ្លែឈើ ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ ទឹកសុទ្ធកេស និង ថវិកាម្នាក់ៗ ២០០,០០០រៀល សរុប ១,០០០,០០០រៀល។ លោកទេសរដ្ឋមន្រ្តី ក៏បាននាំថវិកាសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ ៨០នាក់ ម្នាក់ៗទទួលបាន ២០,០០០រៀល សរុប ១,៦០០,០០០រៀល ជូនសាលាស្រុកវាលវែងចំនួន ២០០,០០០រៀល នគរបាលស្រុក ១០០,០០០រៀល៕