(ភ្នំពេញ)៖ ស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន សាលារាជធានីភ្នំពេញ មានផែនការបិទមិនឲ្យធ្វើចរាចរណ៍ទាំងស្រុង នៅអំឡុងឆ្នាំ២០១៧ខាងមុខនេះ ដើម្បីធ្វើការជួសជុល និងកែលម្អរឡើងវិញ ខៈណៈពេលស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង។

នេះបើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មការអន្តរក្រសួងដោះស្រាយ ផលប៉ះពាល់ គម្រោងជួសជុលស្ពាន​ជ្រោយចង្វារ​ចាស់ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសជប៉ុន នៅរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៦។

លោក ឃួង ស្រេង បានបន្តឲ្យដឹងថា «ស្ពានជ្រោយចង្វារចាស់ គ្រោងនឹងបិទចរាចរណ៍ទំាងស្រុង ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដើម្បីជួសជុល ឡើងវិញសម្រូលដល់ការធ្វើដំ​ណើរបស់​ប្រជា​ពលរដ្ឋ ប៉ុន្តែនៅមិនទាន់មានការកំណត់កាលបរិច្ឆេទថា នឹងជួសជុលរយៈពេលប៉ុន្មនាឆ្នាំនៅឡើយទេ។ តែគ្រាន់តែដឹងថា នឹងមានការជួសជុលចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ ខ្ញុំនឹងមានការ​ពិភាក្សាជាថ្មីម្តងទៀត ជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ថានឹងរៀបចំគម្រោងអ្វីខ្លះ ដើម្បីជួសជុលស្ពាននេះឡើងវិញ»។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងទៀតថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ជាពិសេសកំណល់ឬធ្នឹមទ្រតួស្ពានសង់ខាង និងការងារជាច្រើនទៀត ត្រូវចំណាយថវិកា​អស់ប្រមាណ ៣៣លានដុល្លាអាមេរិក ដែលជាជំនួយឥតសំណង ឬតាមរយៈហិរញ្ញប្បទាន សហប្រតិបត្តិការពីប្រទេសជប៉ុន៕