(ភ្នំពេញ)៖ ជាការពិតណាស់ រយៈកាលកន្លងមកនេះ គណបក្សសង្រ្គោះជាតិ បានដើរទៅដល់ផ្លូវទាល់ ដែលចង់បកក្រោយក៏មិនបាន ទៅមុខក៏មិនរួច ហើយចង់លុបបំបាត់នូវចំណុចអវិជ្ជមានរបស់ខ្លួន ដែលបានភូតភរ កុហក បោកប្រាស់ប្រជាពលរដ្ឋក៏មិនបាន នោះក៏ព្រោះតែទង្វើគ្មានទំនួលខុសត្រូវ និងអសីលធម៌របស់មេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលបានប្រព្រឹត្តកាលពីពេលកន្លងមក។

បើនិយាយដល់ការបោះឆ្នោតវិញ គឺការបោះឆ្នោតឃុំ សង្កាត់ សល់តែជិតមួយឆ្នាំ ហើយការបោះឆ្នោតជាតិ គឺនៅសល់ត្រឹមតែ ២ឆ្នាំទៀតប៉ុណ្ណោះ ការបោះឆ្នោតសកលនឹងឈានចូលមកដល់ ប៉ុន្ដែបើក្រ​ឡេក​មើលទៅគណបក្សប្រឆាំង គឺកំពុងតែមានសភាពយ៉ាប់ ដោយមេដឹកនាំមួយកំពុងគេចខ្លួន និងមួយទៀតកំពុងសម្ងំខ្លួន ដូច្នេះមានសំណួរពីរដែលត្រូវបានចោទសួរថា តើក្នុងអាណត្តិ​ក្រោយនេះ​លោក សម រង្ស៊ី ឬលោក កឹម សុខា ដែលជាអ្នកដឹកនាំក្បាលម៉ាស៊ីនរបស់បក្សនេះ? តើនរណានឹងត្រូវឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ដ្រី ក្នុងការចូលរួម​បោះឆ្នោតអាណត្តិក្រោយ តើជាលោក សម រង្ស៊ី ឬជាលោក កឹម សុខា ?

បើនិយាយពីលោក សម រង្ស៊ី ដែលជាប្រធានកំពុងនិរទ្ទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចវេសពីប្រព័ន្ធតុលាការនោះ គឺគេសង្កេតឃើញជាទូទៅថា លោក សម រង្ស៊ី មានចរិតមួយគឺតែង​តែអំពាវនាវ​ឱ្យអន្ដរជាតិ ឱ្យបរទេសដាក់ការគាបសង្កត់ ឬផ្ដាច់ជំនួយ និងអំពាវនាវកុំឱ្យវិនិយោគិនបរទេស មកវិនិយោគនៅប្រទេសកម្ពុជា ហើយនៅពេលថ្មីៗនេះ លោក សម រង្ស៊ី ដែលក្នុងនាមលោកជា ប្រធាន​គណបក្ស​សង្រ្គោះជាតិ ថែមទាំងបានស្នើឱ្យសភានៃសហគមន៍អឺរ៉ុប បិទទីផ្សារនាំសម្លៀកបំពាក់កាត់ដេរ ពីកម្ពុជាទៅអឺរ៉ុបផងដែរ។

ការស្នើរបស់លោក សម រង្ស៊ី បែបនេះ គឺត្រូវបានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសបណ្ដាអ្នកលេងហ្វេសប៊ុកជាច្រើន បានរិះគន់ព្រោងព្រាត ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ក្នុងន័យថា អ្នកដែលរងគ្រោះពិតប្រាកដនៃការបិទទីផ្សារអឺរ៉ុប គឺជាកម្មករ កម្មការិនី និងក្រុមគ្រួសាររបស់ពួកគេ, ទង្វើនេះត្រូវបានប្រជាជនមើលឃើញថា លោក សម រង្ស៊ី បំផ្លាញឆ្នាំង​បាយរបស់ពួកគេ។

បើនិយាយចំពោះលោក កឹម សុខា មានរឿងពីក្រោយឆាកដ៏ស្មោកគ្រោក និងអសីលធម៌មានស្រីរាប់មិនអស់។ ក្រោយពីមានការបែកធ្លាយរឿងនេះមក លោក កឹម សុខា ក៏បង្កើតនូវគោលការណ៍​ថ្មីសម្រាប់​ខ្លួនឯងគឺ កុំឈ្លោះ កុំឆ្លើយ កុំឆ្លង ហើយគោលការណ៍ថ្មីនេះ ត្រូវបានគេសង្កេតឃើញថា លោក កឹម សុខា មិនអាចឈ្លោះ មិនអាចឆ្លើយ និងមិនអាចឆ្លងបានទេ ពីព្រោះ​ថានេះជារឿងពិត​ដែលមិនអាចប្រកែកបាន និងមានមនុស្សរាប់លានបានដឹងរឿងនេះផងដែរ។

បច្ចុប្បន្ននេះលោកអនុប្រធាន កឹម សុខា បានលាក់ខ្លួន ពួនអាត្មានៅក្នុងស្នាក់ការគណបក្ស ដោយមិនហ៊ានដើរចេញ សូម្បីតែមួយជំហាន និងពន្លឺថ្ងៃខានបានឃើញអស់ជាច្រើនខែដែរ។

អ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញប្រហាក់ប្រហែលគ្នាថា លោក សម រង្ស៊ី គឺមិនអាចទៅរួចនោះទេ ពីព្រោះថា គាត់គឺមិនអាចវិលចូលស្រុកវិញ ដូចកាលបោះឆ្នោតអាណត្តិមុន ដែល​ត្រូវបាន​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្នើសុំទៅព្រះមហាក្សត្រ សុំឱ្យមានការលើកលែងទោសចំពោះលោក សម រង្ស៊ី ប៉ុន្ដែនៅពេលនេះ គឺមិនដូចជាពេលមុនទៀតទេ ព្រោះនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវជំហរមួយចំពោះលោក សម រង្ស៊ី យ៉ាងច្បាស់ថា លោកមិនស្នើសុំលើកលេងទោសឱ្យលោក សម រង្ស៊ី នោះទេ ប្រសិនបើលោកស្នើសុំឱ្យលោក សម រង្ស៊ី បានវិលត្រឡប់មកកម្ពុជាវិញ លោកនឹងកាត់ដៃស្ដាំរបស់លោកចោល។

ដូចគ្នាផងដែរ លោក កឹម សុខា ក្នុងពេលនេះក៏មានបណ្ដឹងជាប់នឹងខ្លួនក្រោមបទចោទប្រកាន់ពីរ គឺបទសញ្ចារកម្ម (មាត្រា២៨៤) និងបទបដិសេធក្នុង ការចូលខ្លួន (មាត្រា៥៣៨) នៃក្រមព្រហ្មទណ្ឌ ដូច្នេះក្រោមបទចោទទាំងពីរនេះ ក៏សបញ្ជាក់ថា បំណងចង់ក្លាយជាប្រធាន និងជាបេក្ខភាពនាយករដ្ឋមន្ដ្រី ដូចកាលដែលលោកធ្វើជាប្រធានបក្សសិទ្ធិមនុស្ស អាចនឹងមិនចេញជារូបរាងបានឡើយ ប៉ុន្ដែគេក៏មិនទាន់អាចសន្និដ្ឋានទាំងស្រុងដែរថា តើលោក កឹម សុខា នឹងមិនមានច្រកចេញឬទេ។ ក្នុងរយៈពេលអវត្តមានរបស់លោក សម រង្ស៊ី គឺគណបក្សសង្រ្គោះជាតិ ត្រូវបានលោក កឹម សុខា គ្រប់គ្រងទាំងស្រុង ហើយដូចពាក្យចាស់មួយបានពោលថា ស្នេហ៍មិនឈ្នះសិ្នទ្ធ។ ដូច្នេះតើនៅផ្ទៃក្នុងបក្សសង្រ្គោះជាតិ នឹងមានការប្រែប្រួលបែបណាចំពោះតំណែងជាប្រធានបក្ស?

តើបន្ដ​ទុក​ជូនលោក សម រង្ស៊ី ឬត្រូវជូនទៅលោក កឹម សុខា ដើម្បីដឹកនាំបក្សនេះបន្ដទៅមុខទៀត?។ មួយវិញទៀត អ្នកវិភាគយល់ឃើញថា តើធនធានមនុស្ស របស់គណបក្សសង្រ្គោះជាតិ មានតែមនុស្សពីរនាក់ហ្នឹងមែនដែរឬទេ? ដូច្នេះគឺដល់ពេលមនុស្សមួយចំនួន ដែលមានឥទ្ធិពល ក្នុងគណបក្ស គួរតែពិចារណាពីបេក្ខជនថ្មី។

ល្មមដល់ពេលដែលគណបក្សប្រឆាំង ត្រូវជ្រើសរើសធនធានមនុស្សថ្មីហើយ ព្រោះគណបក្សនេះមិនមានកម្លាំង និងធនធានមនុស្សដឹកនាំ ការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនោះទេ។ បើមិនដូច្នេះទេគណបក្សសង្រ្គោះជាតិ គួរតែចាប់យកគណបក្សដទៃ ដែលខ្លួនគិតថា អាចសង្រ្គោះជាតិគណបក្សសង្រ្គោះជាតិបាន៕