(ភ្នំពេញ)៖ បន្ទាប់ពីមានការអន្តរាគមន៍ ពីសំណាក់លោកឧកញ៉ា ហ៊ុន ជា សត្វស្ទាំងដ៏គូរឲ្យកំសត់ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ។ នេះបើតាមការ​បញ្ជាក់របស់ លោក សាន់ រ៉ាដូ ដែលជាម្ចាស់សត្វស្ទាំង បានប្រាប់អង្គភាព Fresh News នៅមុននេះបន្ទិច។

លោក សាន់ រ៉ាដូ​ បានឲ្យដឹងថា ក្រោយពីក្រុមអភរិក្សបានយកសត្វស្ទាំងចេញពីគាត់ទៅ​ គាត់មានអារម្មណ៍ពិបាកចិត្ត​ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ក្រោយមកក៏ត្រូវបាន​គេចែករំលែកតៗគ្នា ហើយក្រោយមកដំណឹងនេះ បានលេចឭទៅដល់លោកឧកញ៉ា ហ៊ុន ជា។ លោកបន្ដថា ក្រោយពីលោកឧកញ៉ា បានដឹងដំណឹងនេះ លោកឧកញ៉ាបានទទួច ក៏ដូចជាស្នើទៅដ​ល់​ក្រុម​អភិរក្សដែលបានយកសត្វនេះទៅ ត្រូវប្រគល់ជូនម្ចាស់ដើមវិញ ក្រោយមកនៅល្ងាចនេះក្រុមអភិរក្សបានយកសត្វប្រគល់ជូនគាត់វិញ។

ជាមួយគ្នានេះដែរ លោក សាន់ រ៉ាដូ​ បានថ្លែងអំណរគុណដល់លោកឧកញ៉ា ហ៊ុន ជា ថា «ខ្ញុំសូមអរគុណជាពិសេសដល់បងប្រុសឧកញ៉ា ហ៊ុន ជា ហើយនិងអរគុណដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ ដែលបានជួយស៊ែរ នូវព័ត៌មានរបស់ខ្ញុំដើម្បីឲ្យបង ហ៊ុន ជា​ គាត់ដឹងហើយជួយឲ្យសត្វជាទីស្រលាញ់របស់ខ្ញុំបានមកខ្ញុំវិញ»។ ជាចុងក្រោយ​លោកបានបញ្ជាក់ថា «សត្វស្ទាំងនេះខ្ញុំបានទិញវាពីខេត្តកោះកុង តាំងពីសត្វនេះនៅតូចៗម្ល៉េះ ហើយសត្វនេះមានតែខ្ញុំទេ ដែលអាចដាក់ចំណីឲ្យវាស៊ីបាន»៕