(ភ្នំពេញ)៖ មានរយៈប្រមាណ ១៦ថ្ងៃហើយ គិតមកដល់ថ្ងៃទី១១ ខែសីហានេះ តែគេរកមិនទាន់ឃើញសាច់ញាតិពលករខ្មែរម្នាក់ ដែលដួលបោកក្បាលស្លាប់ នៅក្នុងប្រទេសថៃនៅឡើយទេ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ប៉ូលីថៃនៅក្នុងខេត្តនគររាជសីមា បានជូនដំណឹងមកថា ពលរដ្ឋខ្មែរ ១នាក់ បានស្លាប់នៅក្នុងតំបន់ព្រៃអភិរក្សខេត្តនគររាជសីមា។ តាមការជូនដំណឹងបានសង្ស័យថា ពលរដ្ឋខ្មែររូបនេះ អាចស្លាប់ដោយសាររអិលធ្លាក់ពីលើជំរាលភ្នំបោកក្បាលនឹងថ្ម។

សពពលរដ្ឋខ្មែររូបនេះនៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ ប៉ុន្តែបើតាមសម្តីអ្នករួមដំណើរ ដែលសមត្ថកិច្ចឃាត់ខ្លួនមកហៅសួរនាំនោះបានអះអាងថា ជនរងគ្រោះមានឈ្មោះ ផល ពិការដៃស្តាំ មានវ័យប្រមាណ ៤០ឆ្នាំ អាចជាអ្នកស្រុកម៉ាឡៃ។

បច្ចុប្បន្នសពកំពុងតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមហារ៉ាត់ ខេត្តនគររាជសីមា។ ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងដល់ពលរដ្ឋខ្មែរ ដែលមានសាច់ញាតិ ដូចការរៀបរាប់ខាងលើទាក់ទង ទៅស្ថានទូតតាមទូរស័ព្ទលេខ ០៩២ ៩៨២ ៧៥៦៥ ដើម្បីទទួលសពទៅធ្វើបុណ្យតាមប្រពៃណី៕