(ភ្នំពេញ)៖ លោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងការិយាល័យ ធនាគារពិភពលោកប្រចាំនៅកម្ពុជាថ្មី បានបញ្ជាក់ថា ធនាគារ ពិភពលោក មានគោលជំហរច្បាស់លាស់ ក្នុងករពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពេញលេញ ជាមួយរាជដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដល់ការជំរុញការអភិវឌ្ឍរបស់កម្ពុជា។

ការបញ្ជាក់របស់លោកស្រី Inguna Dobraja ធ្វើឡើងក្នុងឱកាសដែលលោកស្រី ចូលជួបពិភាក្សាការងារ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ កាលពីថ្ងៃទី១១ខែសីហា ឆ្នាំ២០១៦ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង សេដ្ឋកិច្ច ទើបចេញផ្សាយតាម Facebook នៅថ្ងៃទី១២ ខែសីហានេះ។  

ក្នុងជំនួបនោះ លោកស្រី Inguna Dobraja បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងភាពជាម្ចាស់ ដែលសម្រេចបាននូវកិច្ចអភិវឌ្ឍក្នុងសន្ទុះលឿន និងប្រកបដោយផ្លែផ្កា។

លោកស្រីបានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ ធនាគារពិភពលោកមានគោលជំហរច្បាស់លាស់ ក្នុងការពង្រឹងភាពជាដៃគូ និងធ្វើកិច្ចសហប្រតិបត្តិការ ពេញលេញជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកដល់ ការបន្តជម្រុញកិច្ចអភិវឌ្ឍនៅកម្ពុជា»

លោកស្រី Inguna បានបញ្ជាក់ថា លោកស្រីបានត្រៀមខ្លួន ក្នុងនាមជាដៃគូពិតប្រាកដរបស់រដ្ឋាភិបាល ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ក៏ដូចជាការចូលរួមរៀបចំឯកសារ ក្របខ័ណ្ឌភាពជាដៃគូ សម្រាប់កម្ពុជាសំដៅឆ្លើយតបឲ្យចំតម្រូវការពិត និងជាក់ស្ដែងរបស់កម្ពុជា។

ជាការឆ្លើយតប លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលមានសុឆន្ទៈខ្ពស់និងពិតប្រាកដ ក្នុងការ ចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានសទិដ្ឋិនិយមខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការ ជាមួយធនាគារពិភពលោក ដែលនឹងកាន់តែរឹងមាំជាងមុខ ឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូពិតប្រាកដ ដើម្បីបម្រើឲ្យគោលដៅជំរុញការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍ៕