(ភ្នំពេញ)៖ អាជីវករផ្សារទំនប់ ហៅផ្សារ «ងិនអាន» ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវចំនួន៣៤៨នាក់ បានសុំកិច្ចអន្តរាគមន៍ និងដង្ហោយរកជំនួយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីកុំឲ្យផ្សារនេះធ្វើការផ្លាស់ប្ដូរអ្នកវិនិយោគ ឬបិទផ្សារ ឬកែប្រែឡើយ។

ក្រុមអាជីវករទាំងអស់បានមើលឃើញថា តាមរយះការចុះសួរសុខទុក្ខ និងជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ជាពិសេសក្រុមអាជីវករផ្សារ នៅតាមបណ្តាខេត្តនោះ សម្តេចបានផ្តល់ដំណោះស្រាយយ៉ាងល្អនោះ គឺអនុញ្ញាតឲ្យមានការលក់ដូរអស់មួយជីវិត និងរាប់សិបឆ្នាំទៅមុខទៀត ដូច្នេះសម្រាប់ពួកគាត់ដែលអាស្រ័យផល ដោយរបរមួយនេះនៅក្នុងផ្សារទំនប់ ក៏សុំឲ្យសម្តេចជួយផង។

បើយោងតាមញាតិ្ដរបស់ក្រុមអាជីវករ ដែលបានដាក់ជូនសម្ដេចតេជោ ហើយអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ផ្សារទំនប់នេះត្រូវបានវិនិយោគដោយលោក អ៊ូ សេដ្ឋានូ និងអ្នកស្រី ជុំ ពន្លឺ ជួលនៅទីតាំងនេះបន្ដពី ក្រុមហ៊ុនរបស់សាធារណៈរដ្ឋកូរ៉េឈ្មោះ NEW RICH Co,Ltd និងបានរៀបចំស្ថាបនាផ្សារនេះតាំងពីឆ្នាំ២០១៣មកម្ល៉េះ ប្រកបដោយសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ សន្ដិសុខ អនាម័យល្អ និងសេវាឈ្នួលតូបមានតម្លៃសមរម្យ ធ្វើឲ្យពួកគាត់មានមុខរបរទ្រទ្រង់ជីវភាពប្រចាំថ្ងៃ»

ក្នុងញាត្តិដដែលបានបន្ថែមថា «ក្នុងពេលថ្មីៗនេះក្រុមហ៊ុន NEW RICH Co,Ltd បានចេញសេចក្ដីជូនដំណឹង បញ្ឈប់កិច្ចសន្យាជួលផ្សារនេះបន្ដទៀតហើយ ពួកខ្ញុំមានការព្រួយបារម្មណ៍ណាស់ ក្នុងការបាត់បង់មុខរបរ ហើយពួកខ្ញុំបានសំណូមពរយ៉ាងទទូចដល់ក្រុមហ៊ុន សូមបន្ដកិច្ចសន្យាជួលទីតាំងខាងលើ និងគាំទ្រលើកទឹកចិត្តលោក អ៊ូ សេដ្ឋានូ សូមបន្ដវិនិយោគផ្សារនេះ ឲ្យរយៈពេលវែងយ៉ាងតិច១០ឆ្នាំ»

ជាមួយគ្នានេះដែរ ក្រុមអាជីវករទាំង៣៤៨នាក់ បានស្នើទៅសម្ដេចតេជោថា «យើងខ្ញុំទាំងអស់គ្នាមានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពិតជាជួយបង្កបរិយាកាសឲ្យក្រុមហ៊ុន NEW RICH Co,Ltd និងលោក អ៊ូ សេដ្ឋានូ បន្ដកិច្ចសន្យាជួលទីតាំងផ្សារទំនប់ បន្ដទៀតជាមិនខាន»