(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះលោកឧត្តមសេនីយ៍ត្រី លន់ សុផាត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃកម្ពុជាលើការចុះផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ព្រមទាំងការផ្សព្វផ្សាយខ្លឹមសារសន្និបាតឆមាសទី១ លើកទិសដៅអនុវត្តបន្តឆមាសទី២ របស់អគ្គស្នងការនគរបាលជាតិ។

ការប្រជុំផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោហ៊ុន សែន ខាងលើនេះបានធ្វើឡើងក្រោយពីមានការណែនាំពីសម្តេច ពេលអញ្ជើញមកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីសាលាខេត្តក្រចេះ កាលពីថ្ងៃទី២៨ ខែកក្កដា។ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ទៅកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីនគរបាលចរាចរណ៍ ដែលកំពុងតែអនុវត្តច្បាប់ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ នៅទូទាំង​ខេត្តពេញមួយព្រឹកនេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានជម្រុញឲ្យនគរបាលធ្វើយ៉ាងណា គោរពវិន័យជាកងកម្លាំងនគរបាលឲ្យបានត្រឹមត្រូវ និងជម្រុញឲ្យមានការការផ្តល់​សេវាសាធារណៈ ជូនពលរដ្ឋឲ្យបានទាន់ពេល។ លោកឧត្តសេនីយ៍ត្រី លន់ សុផាត បានសង្កត់ធ្ងន់ថា «នគរបាលត្រូវរួមគ្នាធ្វើយ៉ាងណា បំបាត់ឲ្យអស់នូវភាពអសន្តិសុខ ដើម្បីឆ្លើយតបការអនុវត្តគោលនយោបាយភូម-ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព»។ លើសពីនេះទៀត លោកឧត្តមសេនីយ៍ស្នងការ បានជម្រុញឲ្យលោកស្នងការរង ទទួលការងារអត្តសញ្ញាកម្ម និងអធិការរងទទួលបន្ទុកស្ថិតិ ត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណឲ្យ បានឆាប់រហ័យ ជូនដល់ពលរដ្ឋឲ្យទាន់ផែនការ និងត្រូវនាំយកអត្តសញ្ញាណប័ណ្ណទាំងនោះ ទៅប្រគល់ជនពលរដ្ឋដល់លំនៅឋាន។ លោកឧត្តសេនីយ៍ស្នងការ បានលើកឡើងថា «នគរបាលទូទាំងខេត្តត្រូវធ្វើយ៉ាងណា ឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋវាយតម្លៃដល់មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាលរបស់យើងមានភាពសកម្មនិងការងារ មានមុខប្រចាំការជាប់ជាប្រចាំនៅប៉ុស្តិ៍ រដ្ឋបាល ដោយត្រៀមលក្ខណៈអន្តរាគមន៍ឲ្យទាន់ពេលជូនពួកគាត់រាល់បទល្មើស ធ្វើឲ្យពួកគាត់មានជំនឿមកលើនគរបាល»។ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានដាក់ចេញនូវទិសដៅផែនការ ដល់នគរបាលជំនាញព្រហ្មទណ្ឌ លើកិច្ចការងារស្រាវជ្រាវបទល្មើស ឧក្រិដ្ឋ ឬមជ្ឈឹមដែលនៅសេសសល់ពិសេសករណីគ្រឿងញៀន ត្រូវកំណត់លើមុខសញ្ញា បង្រ្កាបត្រៀមលក្ខណៈ ឲ្យបានគ្រប់គ្រាន់ ដើម្បីជួយអន្តរាគមពលរដ្ឋរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយបទល្មើសនៅក្នុង ឆមាសទី២ខាងមុខនេះ។

លោកឧត្តមសេនីយ៍ លន់ សុផាត បានដាក់ទិសដៅផែនការយ៉ាងតឹងរឹងបន្ថែម ដូចជា កិច្ចការងារចុះយាមល្បាត នៅតាមតំបន់គោលដៅដែលងាយ  កិច្ចការងារបង្រ្កាបបទល្មើសគ្រឿងញៀន បង្រ្កាបបទល្មើសព្រហ្មទណ្ឌ និងកិច្ចការអន្តរាគមន៍៕