(ភ្នំពេញ)៖ ជាថ្មីមួយទៀតពាក់ព័ន្ធនឹងករណីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា លោក កឹម សុខា មិនទាន់មានសាលក្រមស្ថាពរពីតុលាការនៅឡើយទេ អាចមានសិទ្ធិចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោត។

ប្រធាន គ.ជ.ប រូបនោះបានបញ្ជាក់ទៀតថា លោក កឹម សុខា នៅពេលនេះកំពុងមានពាក្យបណ្តឹង​ជាច្រើនករណី ប៉ុន្តែមិនទាន់មានសាលក្រមណាមួយ ចូលជាស្ថាពរនោះទេ ដូច្នេះលោកនឹងមានសិទ្ធិឈរឈ្មោះ និងចុះឈ្មោះបោះឆ្នោត, ប៉ុន្តែប្រសិននៅពេលខាងមុខមានសាលក្រមស្ថាពរណាមួយពីតុលាការនោះ លោក កឹម សុខា នឹងអស់សិទ្ធិហើយ។​ លោកបានបញ្ជាក់ទៀតថា យោងតាមច្បាប់បោះឆ្នោត មាត្រា៤៦ បានហាមឃាត់ជន ទាំងឡាយដែលជាទណ្ឌិត ឬមានសាលក្រមស្ថាពរ​ពីតុលាការ មិនត្រូវអនុញ្ញាតឲ្យឈរឈ្នោះ ឬចុះឈ្មោះបោះឆ្នោតនោះទេ។

សូមជំរាបថា នៅមុននេះបន្តិចលោក ស៊ិក ប៊ុនសុក បានអះអាងប្រាប់អង្គភាព Fresh News ថា ស្ថិតនៅក្នុងលក្ខខណ្ឌនៅពេលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្ក្រោះជាតិ ត្រូវបានច្បាប់ហាមឃាត់មិនឲ្យចុះឈ្មោះបោះឆ្នោត និង ឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខនោះទេ​។

លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ការហាមឃាត់នេះដោយសារលោក សម​ រង្ស៊ី កំពុងជាប់ពោរពេញដោយពាក្យបណ្តឹង និងសាលក្រមស្ថាពរ​របស់តុលាការជាច្រើនករណី ដូច្នេះលោកមិនអាច​ឈរឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះទេ។

សូមជំរាបថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ គ.ជ.ប បានបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ស្ដីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦៕