(ភ្នំពេញ)៖ ទីម័រ បានបង្ហាញការចាប់អារម្មណ៍ និងចង់ឲ្យកម្ពុជានាំស្រាបៀរអង្គរ ទៅកាន់ប្រទេសរបស់ខ្លួន ត្បិតប្រទេសនេះមានប្រពៃ ណីរៀបចំពិធីអបអរសាទរដោយប្រើស្រាបៀរ។ សំណើនេះបានធ្វើឡើងក្នុងពេលដែលលោក Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូតទីម័រប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។

ក្នុងជំនួបនេះ លោកស្រី Felicidade de Sousa Guterres បានបង្ហាញការរំពឹងទុកថា កម្ពុជា នឹងនាំស្រាបៀរអង្គរទៅកាន់ប្រទេស របស់លោកស្រី ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងជំនួបពិភាក្សាដដែលនោះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យទីម័រឡេស្តេ ពិនិត្យមើលលទ្ធភាពនាំអង្ករ និងស្ករ ពីកម្ពុជា ដោយទំនិញទាំងពីរមុខនេះ ជាទំនិញមានសក្តានុពល​របស់កម្ពុជា ហើយជាទំនិញដែលទីម័រឡេស្តេ មានតម្រូវការនាំចូលខ្ពស់ផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគំនិតផ្តួចផ្តើមរបស់លោករដ្ឋមន្រ្តី ដែលជំរុញឱ្យមានការនាំចូលអង្ករ និងស្ករ ពីកម្ពុជា ទៅទីម័រឡេស្តេ ដោយកន្លងមកទីម័រឡេស្តេ ក៏បាននាំចូលទំនិញទាំងនេះ ពីប្រទេសជិតខាងកម្ពុជាផងដែរ។

ជំនួបពិភាក្សាការងារទ្វេភាគីនេះទាំងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតរបស់ទីម័រសុទ្ធតែបានបង្ហាញពីទំនាក់ទំនង និង កិច្ចសហការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ហើយរំពឹងថា ទំនាក់ទំនង និងកិច្ចសហការនេះកាន់តែល្អប្រសើរ។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជា តែងមានគោលជំហរជួយគាំទ្រទីម័រឡេស្តេ ទាំងក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក ក្នុងនាម​ប្រទេស​រួមតំបន់ និងប្រទេសជាមិត្ត ដែលមានប្រវត្តិកសាងប្រទេស ប្រ ហាក់ប្រហែលគ្នា។ លោករដ្ឋមន្រ្តីថា កម្ពុជា រីករាយនឹងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនានា និងផ្តល់ជំនួយបច្ចេកទេស​ទាក់ទងការរៀបចំឯកសារ ដើម្បីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងការគ្រប់គ្រងជំនួយនានាផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូតរំពឹងថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅកាន់ទីម័រឡេស្តេ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ នឹងជំរុញកិច្ច​សហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ទាំងក្នុងវិស័យការទូត និង វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម៕