(បាងកក)៖ ករណីដំបូងនៃការផ្ទុះគ្រាប់បែក បានកើតឡើងនៅ Resort មួយកន្លែង ស្ថិតនៅឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin) ប្រទេសថៃ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និង២៣នាក់​រងរបួស។ ស្រ្តីដែលសម្លាប់នោះ ត្រូវបានគេដឹងថា ជាអ្នកលក់ដូរនៅតាមឆ្នេរសមុទ្រ ចំណែកអ្នករងរបួស២៣នាក់ មាន៩នាក់ជាជនជាតិបរទេស ដែលព្រឹត្តិការណ៍បានកើតឡើងនៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ជាបន្តទៀត ចំនួនអ្នកស្លាប់​​ក្នុងករណី​បំផ្ទុះ​គ្រាប់ បែកពីរកន្លែងផ្សេងគ្នានៅក្នុង ប្រទេសថៃ បានកើនឡើងដល់៤នាក់។

បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកផ្ទួនៗគ្នា​នៅ Resort មួយកន្លែង ស្ថិតនៅឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin)  ក៏កើតមានករណី ផ្ទុះគ្រាប់បែកថ្មីមួយទៀត នៅភាគខាងត្បូងប្រទេសថៃ សម្លាប់មនុស្សម្នាក់ និងរងរបួសមួយចំនួនដែលសរុបមកនៅយប់ថ្ងៃដដែល មានការផ្ទុះពីរករណីបានកើតមានឡើង។

ប៉ូលិសថៃ បានអះអាងថា ករណីបំផ្ទុះគ្រាប់បែក​រហូតដល់ចំនួន៨គ្រាប់ នៅន្លែងផ្សេងគ្នានោះ មិនជាប់ពាក់​ព័ន្ធ​នឹងអំពើភេរវកម្មឬក្រុម ឧទ្ទាម ISIS នោះទេ ដោយគ្រាន់តែជា​​​អំពើបំផ្លិចបំផ្លាញ​របស់​ក្រុម​ជនអាណាមិកក្នុង​តម្លៃ​ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC ផ្សាយនៅថ្ងៃទី១២ ខែ​សីហា។

តាំងពីយប់រហូតដល់ ព្រឹកថ្ងៃសុក្រ មានករណីបំផ្ទុះគ្រាប់បែក​ចំនួន ៨កន្លែងផ្សេងគ្នានៅភាគកណ្ដាល និងខាងត្បូងនៃប្រទេសថៃ ដោយពីរ​គ្រាប់បានផ្ទុះឡើងនៅ​តំបន់ Resort ក្នុងទីក្រុង ហួរហីន, ពីរគ្រាប់ទៀតផ្ទុះនៅ​មុខស្ថានីយ​ប៉ូលិសក្នុងតំបន់ Surat Thani បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ពីរគ្រាប់ផ្សេងទៀត​ផ្ទុះនៅ​ខេត្ត Phuket និងពីរគ្រាប់ចុងក្រោយផ្ទុះនៅ​តំបន់ Trang បណ្ដាលឲ្យមនុស្ស ម្នាក់ស្លាប់ និង​មួយគ្រាប់ទៀត ត្រូវបាន​អាជ្ញាធររកឃើញ ព្រមទាំងបានដោះដោយសុវត្ថិភាព។

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានថ្លែងឲ្យដឹងថា «ការបំផ្ទុះគ្រាប់បែកនេះ គឺធ្វើឡើងដើម្បីបង្កភាព​ចលាចល និង​ភាពយល់ច្រឡំ ប៉ុន្តែវាមិនបានធ្វើឲ្យមនុស្សស្លន់ស្លោនោះទេ»។

ការបំផ្ទុះគ្រាប់បែកជាច្រើន គ្រាប់បន្តបន្ទាប់គ្នា នៅតំបន់កម្សាន្តដ៏ល្បីល្បាញ នាបណ្តាខេត្តភាគខាងត្បូង ប្រទេសថៃនោះបានកើតឡើង ចំថ្ងៃនៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មាយុ យាងចូល ៨៤វស្សា របស់ព្រះមហាក្សត្រីយ៍ Sirikit ដែលត្រូវជាអគ្គមហេសីរបស់ព្រះបាទ ភូមិបុល អាប់ឌុល យ៉ាដេត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា គ្រាប់បែកដំបូងចំនួនពីរគ្រាប់ បានផ្ទុះឡើងនៅទីក្រុង Hua Hin នាយប់ថ្ងៃព្រហស្បតិ៍ ហើយក៏មាន ការផ្ទុះជាបន្តបន្ទាប់ទៀត ឈានចូលមកដល់ថ្ងៃសុក្រ នេះ ដូចជានៅឆ្នេរសមុទ្រកោះ Phuket, ខេត្ត Surat Thani, និង ខេត្ត Phang Nga សរុប ០៨ករណី។ សម្រាប់ថ្ងៃបុណ្យចំរើនព្រះជន្មាយុមហាក្សត្រីយ៍ Sirikit ក៏ត្រូវបានប្រជាជាតិថៃ ចាត់ទុកជា បុណ្យម្តាយ ដែលនៅទូទាំងប្រទេសមាន ការប្រារព្ធពិធីនេះ ដើម្បីដឹងគុណដល់អ្នកម្តាយគ្រប់ៗរូបផងដែរ៕