(ភ្នំពេញ)៖ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ស.ស.ស.ក នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ ប្រធានស.ស.ស.ក ជួបសំណេះសំណាល សម្ដែងការគួរសម ជាមួយលោករដមន្ដ្រី ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។

លោក ហ៊ុយ វណ្ណៈ បានឲ្យដឹងថា ការជួបសម្ដែងការគួរសមនេះដែរ ក្នុងគោលបំណងឲ្យ លោករដ្ឋមន្ដ្រី ផ្ដល់អនុសាសន៍មួយចំនួន ក្នុងការបន្ដដំណើរទៅមុខទៀត សម្រាប់ជួយគាំពារអ្នកសារព័ត៌មាន ដែលជាសមាជិក និងជួយការងារសង្គមផងដែរ។​

ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនូវការស្វាគមន៍ ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ដែលទើបបង្កើតថ្មីនេះ។លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងទៀតថា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ដែលបង្កើតឡើងនេះ នឹងជួយរួមចំណែកលើកកម្ពស់ វិស័យព័ត៌មាននៅកម្ពុជា​ កាន់តែរីកចម្រើនឡើង ថែមទៀត។

សូមជំរាបថា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ត្រូវបាន បង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោលបំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេសការពារ និងបំរើផលប្រយោជន៍អ្នកសារព័ត៌មាន។

សហភាពសហព័ន្ធ អ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នាពេលថ្មីៗ។

ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ឡើងមានមកពីទូរទស្សន៍ CTN CNC My TV OneTV, CTN International, BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV, សារព័ត៌មាន Fresh News (App+Website), សារព័ត៌មាន Khmer Times, Kampuchea Thmey សារព័ត៌មាននគរបាល និងសារព័ត៌មានភ្នំពេញថែមស៍៕