(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ បានសម្រេចភាគី ចុងចោទចំនួនបីនាក់ ផ្តល់សំណងទៅចូលរដ្ឋ ក្នុងម្នាក់ៗ៨លានរៀល និង ១០លានរៀលទៅដើមបណ្តឹង ក្នុងករណីបរិហាកេរ្តិ៍ជាសាធារណៈ ដែលអង្គការសមធម៌កម្ពុជា គៀបសង្កត់មកលើបុគ្គលិក បញ្ឈប់បុគ្គលិករបស់ខ្លួន ទាំងតក់ក្រហល់ចេញលិខិត ព្រមានភ្លាមក៏បញ្ឈប់ភ្លាម និងមិនបានផ្តល់ប្រាក់អតីតភាព តាមគោលការណ៍របស់អង្គការ។

លោក ចាន់ វិចិត្រ ដែលជាជនរងគ្រោះ និងជាដើមបណ្តឹង បានឲ្យដឹង ក្រោយពីការសម្រេចរបស់តុលាការថា ក្រោយពីទទួលរងនូវភាពអយុត្តិធម៌ ពេលនេះតុលាការ បានផ្តល់មកហើយ តែវាមិនទាន់សាកសមនិងអ្វី ដែលលើកចង់បាននោះទេ ព្រោះក្នុងបណ្តឹងនោះ លោកប្តឹង លោក អៀង វុទ្ធី នាយកគ្រប់គ្រងអង្គការសមធ៌មកម្ពុជា លោក ផែន គឹមសុង ប្រធានកម្មវិធីឃ្លាំមើលការអភិវឌ្ឍន៍ នៃ អង្គការសមធ៌មកម្ពុជា និងលោក ឈៀង ភា ប្រធានការិយាល័យធនធានមនុស្ស និងរដ្ឋបាល នៃអង្គការសមធ៌មកម្ពុជា ដែលពាក់ព័ន្ធក្នុងរឿងបញ្ឈប់រូបលោកពីការងារគ្មាន មូលហេតុច្បាស់លាស់ ទៅសាលាដំបូង រាជធានីភ្នំពេញ ដោយទារសំណងជំងឹចិត្តក្នុងម្នាក់១ម៉ឺនដុល្លារពីបទបរិហាកេរ្ត៍។ ប៉ុន្តែតុលាការសម្រេចឲ្យអ្នកទាំងបីនោះ បង់ប្រាក់ចូលរដ្ឋក្នុងម្នាក់ៗ៨លានរៀល និងសងជំងឺមកលោកតែម្នាក់ៗ១០លានរៀលប៉ុណ្ណោះ។

លោក ចាន់ វិចិត្រ បន្តថា សំណងនេះ នៅមិនទាន់សាកសមទៅទៅនឹងអ្វីដែលលោកប្តឹងនោះទេ ដូច្នេះ លោកនឹងបន្តប្តឹងទៅឧទ្ធរណ៍ទៀត។

សូមបញ្ជាក់ថា លោក ចាន់ វិចិត្រ ដែលជាជនរងគ្រោះ និងជាដើមបណ្តឹង បានបង្ហាញ លិខិត ដែលខាងប្រធានអង្គការព្រមាន និងចោទប្រកាន់មិនសមរម្យមកលើរូបលោក កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៦ ដោយក្នុងលិខិតនោះ សរសេរថា លោក ចាន់ វិចិត្រ បំពេញការងារ មិនបានល្អ និងការប្រព្រឹត្ត នូវទង្វើរមិនសមរម្យ ដូចខាងក្រោម៖ - ឥរិយាបទ មិនគោរពដល់ថ្នាក់ដឹកនាំ ហើយមានការគំរាមប្តឹងថ្នាក់ដឹកនាំ ទៅតុលាការ ដោយសារការផ្តល់មតិយោបល់ ដើម្បីកែលម្អរមួយចំនួន។ - ការបំពេញការងារ មិនប្រកបដោយវិជ្ជាជីវៈ និងមិនមានគុណភាព (មិនបានផ្តល់របាយការណ៍ពេលចុះបំពេញការងារនិងចែករំលែកព័ត៌មានទៅអ្នកគ្រប់គ្រងនិងអង្គភាព)។ដោយឡែក ការងារជាក្រុម (ធ្វើតាមចង់) ហើយមិនសូវទទួលយកគំនិតរបស់ក្រុម។

ចំពោះចំណុចចោទប្រកាន់ មកលើលោក ចាន់ វិចិត្រ បែបនេះត្រូវបានលោក បកស្រាយ និងឆ្លើយតបទៅវិញថា ៖ នៅក្នុងលិខិតព្រមាន សរសេថា ឥរិយាបទ មិនគោរពដល់ថ្នាក់ដឹកនាំ ហើយមានការគំរាមប្តឹងថ្នាក់ដឹកនាំ ទៅតុលាការ ដោយសារការផ្តល់មតិយោបល់ ដើម្បីកែលម្អរមួយចំនួន។ ចំណុចនេះ មិនត្រឹមត្រូវទេ ពោលគឺខ្ញុំបាទ មិនដែលធ្វើខុស ទៅនឹងគោលការណ៍ របស់អង្គការឡើយ។ ចំណែកឯពាក្យថា នឹងប្តឹងថ្នាក់ដឹកនាំនៅពេលណាដែលចេញលិខិតព្រមាន ដល់រូបខ្ញុំបាទនោះ វាគឺជាសិទ្ធរបស់បុគ្គលិកម្នាក់ៗ ដែលមិនពេញចិត្តនឹងថ្នាក់ដឹកនាំរបស់ខ្លួន។ ម៉្យាងទៀត ពាក្យនេះ មិនមែនជាការគំរាមកំហែងនោះទេ វាគ្រាន់តែជាការតវ៉ាប៉ុណ្ណោះ ដែលច្បាប់បើសិទ្ធអោយ (ក្រមរដ្ឋប្បវេណី ដែលចែងអំពីឋានៈបុគ្គលិក)។

លិខិតឆ្លើយតបដដែលបានបន្តថា ចំណុចមួយទៀត (ការបំពេញការងារ មិនប្រកបដោយវិជ្ជាជីវៈ និងមិនមានគុណភាព)។ ការចោទប្រកាន់បែបនេះ មិនត្រឹមត្រូវទេ ព្រោះថា កាលដែលជ្រើសចូល ហេតុអ្វីបានជាមិនយកវិជ្ជាជីវៈ បែរជាជ្រើសរើស យករូបខ្ញុំបាទ។ ផ្ទុយទៅវិញខ្ញុំបាទ ធ្លាប់ទទួលបាននូវប័ណ្ណសសើរ ពីអង្គការនេះកន្លងមក។ ដូច្នេះ បង្ហាញឲ្យឃើញថា ខ្ញុំបាទពិតជាមានវិជ្ជាជីវៈក្នុងការបំពេញការងាររបស់អង្គការនេះ។ បញ្ហាមួយទៀត - ការងារក្រុម (ធ្វើតាមចង់) ហើយមិនសូវទទួលយកគំនិតរបស់ក្រុម។ តាមពិតចំណុចនេះ ខ្ញុំមិនបានធ្វើដូច្នេះទេ។

ដើម្បីទទួលបាននូវភាពយុត្តិធម៌និងភាពស្អាតស្អំមកវិញលោក ចាន់ វិចិត្រ បានសម្រេចប្តឹងមនុស្ស៣នាក់ ក្នុងនោះមានឈ្មោះ លោក អៀង វុទ្ធី នាយកគ្រប់គ្រងអង្គការសមធ៌មកម្ពុជា លោក ផែន គឹមសុង ប្រធានកម្មវិធីឃ្លាំមើលការអភិវឌ្ឍន៍ នៃ អង្គការសមធ៌មកម្ពុជា និងលោក ឈៀង ភា ប្រធានការិយាល័យធនធានមនុស្សនិងរដ្ឋបាលនៃអង្គការសមធ៌មកម្ពុជា  ដែលពាក់ព័ន្ធក្នុងរឿងបញ្ឈប់រូបលោកពីការងារគ្មានមូលហេតុច្បាស់លាស់ទៅសាលាដំបូងរាជធានីភ្នំពេញដោយទារសំណងជំងឹចិត្តក្នុងម្នាក់១ម៉ឺនដុល្លារពីបទបរិហាកេរ្ត៍៕