(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្តេចបានចុះហត្ថលេខារួចហើយ ក្នុងការអភិវឌ្ឍផ្លូវ ក្រវ៉ាត់តាមព្រំដែន ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅរស់នៅទីនោះ ក្នុងជីវភាពមួយល្អប្រសើរ។ សម្តេចតេជោចាត់ទុកថា ប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែន ជាមធ្យោបាយល្អជាងគេ ក្នុងការការពារព្រំប្រទល់ប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើង បែបនេះ នៅក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលរៀបចំឡើងនៅ វិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នោះ ដោយមានតំណាងអង្គការសង្គមស៊ីវិល ព្រះសង្ឃ និងមន្រ្តីពាក់ព័ន្ធប្រមាណ ៧០០នាក់។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ជម្រើសល្អជាងគេ ក្នុងការការពារទល់ដែន គឺជម្រើសដាក់ប្រជាពលរដ្ឋ អភិវឌ្ឍ នៅតាមទល់ដែន ប៉ុន្តែបើទល់ដែនណា ធ្វើវាមិនកើត ក៏យើតមិនត្រូវយកប្រជាពលរដ្ឋទៅប្រថុយគ្រោះថ្នាក់នោះដែរ អញ្ចឹងយើងត្រូវមានប្រព័ន្ធផ្លូវយើងត្រូវមានស្អីទ្រទ្រង់»

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្រ្តីឱ្យយកចិត្តទុកដាក់ក្នុងការរៀបចំការរស់នៅ របស់ប្រជាពលរដ្ឋ តាមព្រំដែនទាំងនោះដែលធ្វើយ៉ាងណាធ្វើឱ្យជីវភាពរបស់ពួកគេមានលក្ខណៈល្អប្រសើរ ហើយមិនត្រូវដាក់ពួកគេនៅកន្លែងគ្រោះថ្នាក់ ឡើយ។ សម្តេចតេជោ បានលើកឡើងថា «បើលោកឯងយកប្រជាពលរដ្ឋទៅដាក់នៅព្រៃមួយឆ្ងាយ រកតែផ្លូវទៅមិនបានប្រភពទឹក ក៏អត់ស្អីក៏អត់ បើយកទៅអញ្ចឹង ដូចជាយកប្រជាជនទៅបោះចោល ក៏ប៉ុន្តែយើងក៏មិនអាចយកពួកគាត់ទៅដាក់ នៅតំបន់ស្នូលតំបន់ បឹងទន្លេសាបដែរ បើដូច្នេះកាត់ទៅលេងចំតំបន់អភិរក្សត្រីដដែល អាហ្នឹងហើយគេហៅថាយកមាន់ទៅពងនៅក្នុងជម្រក់ស្រូវ»

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖