(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៧នាក់ និងរបួសស្រាល២នាក់។

គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង រថយន្តធុនធំចំនួន៣គ្រឿងយានផ្សេងៗ ចំនួន១គ្រឿង និងអ្នកថ្មើរជើង១នាក់។ មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, ប្រជែងគ្រោះថ្នាក់២លើក, បត់គ្រោះថ្នាក់២លើក, មិនគោរពសិទ្ធិ២លើក  ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន២១៧៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៨៩៧គ្រឿង និងពិន័យសរុប ចំនួន១២៨២គ្រឿង៕